តម្លៃស៊ុតនៅជប៉ុនហក់ឡើងខ្ពស់ជាងមុនជាង ២ដង ចំពេលមានការផ្ទុះជំងឺផ្ដាសាយបក្សីនៅទូទាំងប្រទេស
- BY
- autoadmin
- January 20, 2023
តម្លៃស៊ុតបានកើនឡើងជាង ២ដង នៅកន្លែងខ្លះក្នុងប្រទេសជប៉ុន ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស។ ជម្រាបដែរថា ប្រទេសជប៉ុនបានសម្លាប់សត្វស្លាបជាង ១០ លានក្បាល គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់រដូវកាលតែមួយ។ ការកើនឡើងនៃតម្លៃចំណីដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏បានរួមចំណែកធ្វើឱ្យតម្លៃស៊ុតកើនឡើងផងដែរ។

ផ្សារទំនើបមួយនៅក្នុងខេត្ត Gunma បាននិយាយថា ពួកគេបានទិញស៊ុតពីកសិដ្ឋានបសុបក្សីក្នុងស្រុក ខណៈបញ្ហាកង្វះស៊ុតបានបណ្តាលឱ្យតម្លៃកើនឡើងពី ៣០ ទៅ ៤០% បើប្រៀបធៀបទៅនឹងឆ្នាំធម្មតា។ ពួកគេលក់ពងមាន់ខ្នាតមធ្យមដែលមាន ១០គ្រាប់ ក្នុង ១កញ្ចប់ តម្លៃ ២៩៨ យ៉េន ឬប្រហែល ២.៣ ដុល្លារ ដែលខ្ពស់ជាងឆ្នាំមុនជិត ២.៥ ដង។ អតិថិជននៅផ្សារទំនើបម្នាក់បាននិយាយថា នាងប្រើស៊ុតរាល់ថ្ងៃ ដូច្នេះតម្លៃហក់ឡើងខ្ពស់ពិតជាប៉ះពាល់ដល់ថវិកាគ្រួសារ។ លោក Nakajima Daiki ដែលជាអ្នកទទួលខុសត្រូវលើការទិញស៊ុតនៅផ្សារទំនើបនិយាយថា គាត់មិនដែលធ្លាប់មានបទពិសោធន៍ ដែលតម្លៃស៊ុតឡើងខ្ពស់ក្នុងរយៈពេលខ្លីបែបនេះពីមុនមកនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






