ក្មេងប្រុសដែលបាត់បង់ជីវិតក្រោយជាប់គាំងនៅក្នុងគ្រិះបេតុងជម្រៅ ៣៥ម៉ែត្រ ពេលនេះត្រូវបានគេយកចេញពីក្រោមដីរួចហើយ
- BY
- autoadmin
- January 20, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលស្លាប់នៅក្នុងគ្រិះបេតុងជម្រៅ ៣៥ម៉ែត្រ ត្រូវបានគេយកចេញពីក្រោមដីរួចរាល់ហើយ នៅព្រឹកថ្ងៃសុក្រនេះ។ សមាជិកក្រុមសង្គ្រោះ ២នាក់ មកពីនាយកដ្ឋាននគរបាលខេត្ត Dong Thap បំពាក់ដោយអុកស៊ីសែន បានចុះទៅក្រោមដីជម្រៅ ២៤ម៉ែត្រ ដែលក្មេងប្រុស Thai Ly Hao Nam បានជាប់គាំងនៅក្នុងគ្រិះបេតុងនោះ ហើយបានប្រើប្រាស់ឧបករណ៍ជំនាញ ដើម្បីនាំយកសាកសពក្មេងប្រុសឡើងមកលើដី ដោយចំណាយពេលជិត ២ ម៉ោង។ សាកសពក្មេងប្រុស Nam ត្រូវបានដាក់ក្នុងមឈូស និងដឹកតាមរថយន្តយកមកផ្ទះ ដែលមានចម្ងាយមួយគីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។

អនុប្រធានខេត្តលោក Doan Tan Buu បានឱ្យដឹងថា ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត រួមនឹងការធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ មូលហេតុបឋមបានកំណត់ថា កុមារា Nam បានស្លាប់ដោយសាររបួសច្រើនកន្លែងពេលប៉ះនឹងរបស់រឹង ខណៈធ្លាក់ចូលទៅក្នុងគ្រិះបេតុងនោះ។ លោកបានបន្ថែមថា បន្ទាប់ពីសពក្មេងប្រុសត្រូវបានធ្វើបុណ្យរួចរាល់ អាជ្ញាធរខេត្តនឹងបញ្ជាឱ្យមានការស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុ និងដោះស្រាយលទ្ធភាពនៃការបំពានច្បាប់ណាមួយ។
រំលឹកផងដែរថា កុមារា Nam និងក្មេងចំនួន ៣នាក់ទៀត បានទៅការដ្ឋានសាងសង់ស្ពានក្នុងខេត្ត Dong Thap កាលពីថ្ងៃទី៣១ ខែធ្នូ ដើម្បីប្រមូលសំណល់ដែកទុកលក់អេតចាយ។ ក្មេងប្រុសដែលមានទម្ងន់ត្រឹមតែ ២០គីឡូក្រាមរូបនេះ បានធ្លាក់ចូលទៅក្នុងគ្រិះបេតុង ដែលមានទំហំត្រឹមតែ ២៥ សង់ទីម៉ែត្រប៉ុណ្ណោះ។ គ្មានអ្នកណាដឹងច្បាស់ថា ក្មេងប្រុសស្ថិតនៅទីតាំងណានៅក្នុងគ្រិះនោះទេ ដោយសារតែគ្រិះនោះមានជម្រៅជ្រៅ។ សាក្សីបាននិយាយថា គាត់បានស្រែកឱ្យគេជួយអស់រយៈពេល ១០ នាទីបន្ទាប់ពីធ្លាក់ចូលគ្រិះ ប៉ុន្តែក្រោយមកក៏បាត់មាត់ក្មេងប្រុង។ ក្រោយមកអាជ្ញាធរខេត្ត Dong Thap បានប្រកាសថា កុមារា Nam បានស្លាប់នៅថ្ងៃទី០៤ ខែមករា កន្លះខែមុននេះ៕


អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






