អន្តរជាតិ

កាសែតដ៏ធំរបស់ចិន South China Morning Post បានសរសេរថា ដើមកំណើតក្បាច់ប្រដាល់ម៉ឺយថៃ គឺចេញពីគុនខ្មែរ

BY
Khmernote Media
January 24, 2023

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងការសម្រេចប្រើពាក្យ «គុនខ្មែរ» របស់កម្ពុជាដែលជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារប្រដាល់សេរី ប៉ុន្តែភាគីថៃបានកើតទុកមិនសុខចិត្ត ដោយសារកន្លងមកពួកគេប្រើពាក្យ «ម៉ឺយថៃ» ។ គួរឱ្យដឹងដែរថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ហើយកម្ពុជាបានសម្រេចប្រើពាក្យថា «គុនខ្មែរ» នៅក្នុងវិញ្ញាសារប្រដាល់សេរី ដែលធ្វើឱ្យភាគីថៃបធិសេធលើការសម្រេចចិត្តនេះ ហើយថែមទាំងព្រមាននឹងមិនបញ្ជូនអ្នកតំណាងរបស់ពួកគេ មកប្រកួតនៅក្នុងវិញ្ញាសារនេះ នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះទៀតផង។

យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានជម្រាបដំណឹងពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យគុនខ្មែរ ជំនួសឱ្យពាក្យម៉ឺយ ជូនដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់។ ឯកឧត្តមបានបន្ថែមថា នេះជាការប្រកាសជំហររបស់កម្ពុជា ក្នុងការសម្រេចប្រើប្រាស់ឈ្មោះ «ប្រដាល់គុនខ្មែរ» ដើម្បីកុំឱ្យមានភាពច្របូកច្របល់ ឬការប្រកាន់ក្នុងការប្រើពាក្យ «ម៉ឺយ» ។ វាក៏ជាកិត្តិយសរបស់ ម្ចាស់ផ្ទះកម្ពុជា ស្របនឹងឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលម្ចាស់ក្បាច់ប្រដាល់គុនខ្មែរផងដែរ។

ថៃតែងតែគិតថា ម៉ឺយថៃគឺជាក្បាច់គុនបុរាណពីដូនតារបស់ពួកគេ ក៏ប៉ុន្តែក្បាច់គុននេះ គឺមានដើមកំណើតចេញពីល្បុកតោរបស់ខ្មែរ ហើយសូម្បីកាសែតដ៏ធំមួយរបស់ចិន ក៏ធ្លាប់បានបកស្រាយលម្អិតពីវាផងដែរ។ យោងតាម South China Morning Post បាននិយាយថា ល្បុក្កតោបុរាណរបស់ខ្មែរ (Bokator/L’bokator) គឺជាក្បាច់គុនចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ប៉ុន្តែវាស្ទើរតែរលត់ទៅវិញទាំងស្រុង ដោយភ្លើងសង្គ្រាមនៅជំនាន់ប៉ុលពត ដែលធ្វើឱ្យប្រជាជនខ្មែរនៅតែមានអារម្មណ៍ដក់ជាប់ និងភ័យខ្លាចបំផុត ទោះបីជាវាកន្លងទៅជាង ៤០ឆ្នាំហើយក្ដី។ សព្វថ្ងៃល្បុក្កតោនៅរស់រានមានជីវិតបាន នេះគឺត្រូវអរគុណដល់លោកគ្រូក្បាច់គុនមួយចំនួន ដែលខិតខំដែររក្សា និងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។

ល្បុក្កតោគឺជាក្បាច់គុនបុរាណដ៏ចំណាស់ ដែលមានអាយុកាលប្រហែលជា ២,០០០ឆ្នាំ មកហើយ។ វាជាក្បាច់គុនប្រើកែងដៃ​ និង​ជង្គង់​ជា​មូលដ្ឋាន​ ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំង​តែពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌាមកម្ល៉េះ។ ក្បាច់គុន​នេះ​ក៏ទំនងជា​កើតឡើង​ដំណាលគ្នា​នឹង​ការកកើត​ទឹកដី​ខ្មែរ​ផងដែរ នេះបើតាមរឿងព្រេងនិទានខ្មែរ។ ក្បាច់គុននេះយកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វ ដោយសារថា កាលនៅជំនាន់នោះ ខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូ សត្វសាហាវ និងប្រើក្នុង​សមរភូមិ ល ។

​ល្បុក្កតោ​ មាន​​ន័យ​ថា​ «វាយ​តោ» ពោលគឺ «បុក» មាន​ន័យ​ថា​ «វាយ» ​ឬក្បាច់​គុន​ ហើយ ពាក្យ​ «តោ» មាន​ន័យ​ថា​​ «សត្វ​តោ» ឬ អនុភាព។ សរុបមក ល្បុក្កតោ មាន​ន័យ​​ថា ​ជា​កំពូល​ក្បាច់​គុន​ប្រកប​ដោយ​អនុភាព​ ឬ​ក្បាច់​គុន​ខ្លាំង​ដូច​សត្វ​តោ។ រហូតមកដល់បច្ចុប្បន្ន សូម្បីតែប្រដាល់សេរីខ្មែរ ឬ ម៉ឺយថៃ (Muay Thai) ក៏សុទ្ធតែមានដើមកំណើតចេញពីក្បាច់គុននេះ។ ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ត្រូវបាន​ប្រវត្តិវិទូ​រកឃើញថា មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩ ដូចជា​ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន​៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP

Share This Post: