អន្តរជាតិ

បេក្ខភាពចំនួន ៣នាក់ បានរងរបួសអំឡុងពេលថត Squid Game ជីវិតពិតដែលរៀបចំដោយ Netflix

BY
autoadmin
January 26, 2023

ក្រុមហ៊ុន Netflix បាននិយាយថា មនុស្សចំនួន ៣នាក់ ត្រូវបានទទួលការព្យាបាលវេជ្ជសាស្រ្តក្នុងអំឡុងពេលថតកម្មវិធី Squid Game ជីវិតពិត ប៉ុន្តែខ្លួនបានអះអាងថា គ្រាន់តែជារបួសស្រាលៗ មិនមែនជារបួសធ្ងន់ធ្ងរនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កម្មវិធីហ្គេមដែលផ្អែកលើរឿងភាគកូរ៉េខាងត្បូងមួយនេះ កំពុងថតនៅ Cardington Studios ក្នុងខោនធី Bedfordshire របស់ចក្រភពអង់គ្លេស។ កម្មវិធីនេះមានបេក្ខភាពចូលរួមចំនួន ៤៥៦ នាក់ ដើម្បីប្រកួតប្រជែងដណ្តើមយកប្រាក់រង្វាន់រហូតដល់ទៅ ៤.៥៦ លានដុល្លារ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា៖«យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខភាព និងសុវត្ថិភាពនៃតួសម្តែង និងក្រុមការងាររបស់យើង»។

អ្នកនាំពាក្យរបស់ Netflix បាននិយាយថា គ្រូពេទ្យត្រូវឈរជើងគ្រប់ពេលវេលា ហើយថាខ្លួនបាន «វិនិយោគលើគ្រប់នីតិវិធីសុវត្ថិភាពសមស្រប»។ រឿង Squid Game ដែលមានបញ្ជាំងនៅលើ Netflix គឺនិយាយអំពីបេក្ខភាពដែលសុទ្ធតែមានបំណុល ឬបញ្ហាលុយកាក់ជាប់ខ្លួន ប្រកួតប្រជែងគ្នាដើម្បីយករង្វាន់ជាសាច់ប្រាក់ដ៏មហាសាល។ រឿងនេះទទួលបានកំណត់ត្រាជារឿងភាគដ៏ពេញនិយមបំផុតគ្រប់ពេលវេលារបស់ Netflix ហើយវាត្រូវបានទស្សនាដោយអ្នកប្រើប្រាស់ចំនួន ១១១ លាននាក់ ក្នុងរយៈពេល ២៨ថ្ងៃ ដំបូងនៃការចាប់ផ្តើមរបស់រឿង។

ក្រុមហ៊ុន Netflix បានបង្ហាញពីផែនការសម្រាប់វគ្គប្រកួតប្រជែងចំនួន ១០វគ្គ គឺ Squid Game: The Challenge ជាមួយនឹង រង្វាន់សាច់ប្រាក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ខណៈបេក្ខភាពដែលបានធ្វើដំណើរទៅកាន់ Bedfordshire ពីជុំវិញពិភពលោក ប្រកួតប្រជែងតាមរយៈហ្គេមជាច្រើន ដែលបំផុសគំនិតដោយកម្មវិធី Squid Game ដើមដែលមាននៅក្នុងរឿងភាគផ្ទាល់ ប៉ុន្តែឈុតឆាកសាហាវៗមិនត្រូវបានរួមបញ្ចូលនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: