អន្តរជាតិ

មហាជនថៃទាមទារឱ្យលោក Thiago Teixeira ត្រូវលុបស្នាមសាក់ពាក្យ «ម៉ឺយថៃ» ចេញពីខ្នងរបស់គាត់ មុននឹងចង់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក

BY
Lyda
March 16, 2023

មួយរយៈចុងក្រោយនេះ អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានក្លាយជាសំណព្វចិត្តរបស់​ប្រជាជន​ខ្មែរ ដោយសារតែគាត់បានផ្ដល់ការគោរព និងស្រឡាញ់មកឱ្យប្រជាជនខ្មែរ ដូចដែលប្រជាជនខ្មែរមានការស្រឡាញ់ និងកោតសរសើរមកលើរូបគាត់ដូចគ្នា។ លោក Thiago Teixeira បានការកោតសរសើរដល់ «គុនខ្មែរ» ហើយគាត់ក៏មានបំណងចង់បើកក្លឹបប្រដាល់នៅកម្ពុជានាពេលអនាគតផងដែរ។ ទន្ទឹមនឹងនេះ Thiago Teixeira ក៏បានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថា គាត់សប្បាយចិត្តដែលបានស្គាល់ក្បាច់គុន ដែលគាត់បានហាត់សមតាំងពីអាយុ ១៦ឆ្នាំ ហើយគាត់ធ្លាប់ហៅវាថាជា «ម៉ឺយថៃ» ដោយមិនបានដឹងថា ការពិតគឺគាត់បានហាត់គុនខ្មែរតាំងពីដើមមក។

យ៉ាងណាក៏ដោយ ការបង្ហោះរបស់ Thiago Teixeira ហាក់បានធ្វើឱ្យរសើបដល់អ្នកលេងបណ្ដាញសង្គមថៃ ហើយពួកគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយទាមទារឱ្យអ្នកប្រដាល់រូបនេះ ត្រូវតែលុបស្នាមសាក់ដែលមានពាក្យ «ម៉ឺយថៃ» នៅលើខ្លួនរបស់គាត់ចេញ។ បើតាមការបង្ហោះដោយគណនីឈ្មោះថា เปาบุ้นจุ้น គេបានទាមទារឱ្យ Thiago Teixeira លុបស្នាមសាក់នៅលើខ្នងរបស់គាត់ចេញជាមុនសិន មុនពេលដែលគាត់ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។ ម្ចាស់គណនីនោះបានលើកឡើងថា Thiago Teixeira ធ្លាប់រកចំណូលពីម៉ឺយថៃ ខណៈមានឆន្ទៈចង់ផ្សព្វផ្សាយគុនខ្មែរ ដូច្នេះគាត់គួរតែលុបស្នាមសាក់ដែលពាក់ព័ន្ធនឹងម៉ឺយថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ ហ្វេសប៊ុក

Share This Post: