អន្តរជាតិ
ជប៉ុននឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិរបស់អង្គការណាតូសម្រាប់ប្រទេសអ៊ុយក្រែន
នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បាននិយាយថា ទីក្រុងតូក្យូនឹងផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារ តាមរយៈមូលនិធិទុកចិត្តរបស់អង្គការណាតូ ដើម្បីជួយអ៊ុយក្រែន ទទួលបានឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ លោក Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអង្គារ ហើយបានប្រកាសអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ។

លោក Kishida បាននិយាយថា គាត់ពិតជាចង់ទៅលេងអ៊ុយក្រែន ជួប Zelenskyy ដោយផ្ទាល់ និងផ្តល់សាមគ្គីភាពដែលមិនផ្លាស់ប្តូររបស់ប្រទេសគាត់ មុនពេលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Group of Seven នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។ នាយករដ្ឋមន្ត្រីបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួនថា ជាទង្វើដ៏ហួសចិត្តដែលបំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការបរិហាររបស់គាត់មានកាន់តែខ្លាំងឡើង បន្ទាប់ពីគាត់បានឃើញសោកនាដកម្មនៅទីក្រុងកៀវ និងទីប្រជុំជន Bucha ជាកន្លែងដែលជនស៊ីវិលជាច្រើនត្រូវបានគេរកឃើញថា បានស្លាប់ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia