អន្តរជាតិ
សហរដ្ឋអាមេរិក ប្រកាសនឹងដាក់បន្ទុកបន្ថែម ប្រឆាំងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ា
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី២២ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌ.កម្មបន្ថែមទៀត ប្រឆាំងនឹងអង្គភាពនានាក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សាកាតា ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Derek Chollet បាននិយាយថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ា កាន់តែពិបាករកប្រាក់ចំណូលដើម្បីទិញសព្វាវុធ។

លោក Chollet បាននិយាយថា៖ «យើងប្តេជ្ញាក្នុងការបង្កើនសម្ពាធលើរបបយោធា និងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការបង្កើតប្រាក់ចំណូល ដែលជាការជំរុញម៉ាស៊ីនសង្រ្គាមរបស់ខ្លួន»។ លោកបានបន្ថែមថា «ប្រទេសមីយ៉ាន់ម៉ាកំពុងដើរលើមាគ៌ាដើម្បីក្លាយជារដ្ឋដួលរលំ នៅក្នុងបេះដូងនៃអាស៊ីអាគ្នេយ៍»។ រំលឹកដែរថា យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកយោធាបានដឹកនាំការបង្រ្កាបលើក្រុមអ្នកតវ៉ា ដោយធ្វើឱ្យប្រទេសនេះស្ថិតក្នុងភាពវឹកវរ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសនូវការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដែលផ្តោតលើសមាជិករបបយោធា ទីភ្នាក់ងាររដ្ឋាភិបាលយោធា និងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា ដោយស្វែងរកការទប់ស្កាត់លទ្ធភាពនៃការរៃអង្គាសប្រាក់របស់ពួកគេ។ លោក Chollet បាននិយាយថា រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨០ និងអង្គភាពជាង ៣០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia