ក្រសួងសុខាភិបាលវៀតណាម កំពុងស្នើឱ្យមានការយកពន្ធអាករចំពោះភេសជ្ជៈមានជាតិស្ករលើសកម្រិត
- BY
- Lyda
- March 24, 2023
ក្រសួងសុខាភិបាលវៀតណាមបានស្នើឱ្យមានការអនុវត្តពន្ធអាករសម្រាប់ភេសជ្ជៈផ្អែមទាំងអស់ ដើម្បីឱ្យស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមលើសុខភាព កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បាននិយាយថា ក្រសួងកំពុងស្នើឱ្យអនុវត្តការយកពន្ធគយ ដោយផ្អែកលើបរិមាណជាតិស្ករនៅក្នុង ១០០ មីលីលីត្រទឹក។ ការស្នើនេះត្រូវបានធ្វើឡើង ខណៈក្រសួងហិរញ្ញវត្ថុកំពុងបង្កើតសេចក្តីព្រាងច្បាប់ស្តីពីពន្ធអាករសម្រាប់ភេសជ្ជៈផ្អែម។
លោកស្រីអនុប្រធានបាននិយាយថា វាគួរតែមានការចាត់ថ្នាក់កម្រិតជាតិស្ករឱ្យបានច្បាស់លាស់ ដែលមានន័យថា ជាតិស្ករកាន់តែច្រើន តម្លៃពន្ធក៏កាន់តែខ្ពស់។ លោកស្រីបានស្នើថា ភេសជ្ជៈដែលមានកម្រិតជាតិស្ករក្រោមកម្រិតជាក់លាក់មួយ នឹងមិនចាំបាច់ត្រូវយកពន្ធបន្ថែមនោះទេ។ ក្រសួងក៏បាននិយាយដែរថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភេសជ្ជៈផ្អែមមានការរីកលូតលាស់យ៉ាងខ្លាំង ហើយពួកគេរំពឹងថា ភេសជ្ជៈទាំងនេះនឹងកើនឡើងពី ៣ ទៅ ៥% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
យោងតាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ភេសជ្ជៈផ្អែមគឺជាភេសជ្ជៈដែលមានជាតិស្ករបន្ថែម ដូចជាទឹកសូដាផ្អែម ទឹកក្រូចដប និងភេសជ្ជៈប៉ូវកម្លាំង។ WHO ណែនាំឱ្យមានការដាក់ពន្ធលើភេសជ្ជៈផ្អែមលើសកម្រិតបែបនេះ គឺដើម្បីសុខភាព និងកាត់បន្ថយជំងឺធាត់ក្នុងចំណោមប្រជាជន។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាមនៅមិនទាន់វាយតម្លៃកម្រិតជាតិស្ករ ដែលនឹងត្រូវគិតពន្ធគយបន្ថែមនោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនភេសជ្ជៈជាច្រើនក៏កំពុងស្នើសុំឱ្យពន្យារពេលការដាក់ពន្ធនេះ ដោយសារតែពួកគេទើបតែងើបពីជំងឺ COVID-19 ដែលបានប៉ះពាល់យ៉ាងខ្លាំង លើការផលិតក្នុងឆ្នាំកន្លងមក៕
អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post: