ក្រៅពីសិទ្ធិ ដែលស្ត្រីទទួលបានហើយ តើប្រុសៗគួរធ្វើអ្វីខ្លះដើម្បីបង្ហាញពីការគោរពចំពោះពួកគាត់?
- March 7, 2018
នារីជាភេទមួយ ដែលត្រូវពិភពលោកគោរព ឲ្យតម្លៃ និងការពារជាពិសេស។ ជាក់ស្ដែងតាមរយៈការបង្កើតទិវាសិទ្ធិនារីអន្តរជាតិ ជារៀងរាល់ឆ្នាំនៅថ្ងៃទី ០៨ មីនា។ យ៉ាងណាមិញ ក្រៅពីសិទ្ធិដែលទទួលបានក្នុងថ្ងៃនេះហើយ តើបុរសគួរធ្វើអ្វីខ្លះក្នុងការបង្ហាញពីការគោរពចំពោះនារីដែលជាភេទទន់ខ្សោយនេះ? ខាងក្រោមនេះ ជាចំនុចងាយៗ សម្រាប់បុរស ក្នុងការបង្ហាញក្ដីស្រលាញ់ និងការគោរព ក៏ដូចជាឲ្យតម្លៃទៅលើស្រ្តី ៖
+ ផ្ដល់ការគោរព៖ ជារឿងត្រឹមត្រូវមួយដែលបុរសគ្រប់រូបគួរតែបង្ហាញការគោរពដល់ស្រី ព្រោះទោះជាយ៉ាងណា ស្រី្តត្រូវបានចាត់ទុកថាជាមាតាពិភពលោក។
+ មិនប្រើអំពើហិង្សា៖ ដូចដែលយើងដឹងរួចមកហើយថា ស្រីគឺជាភេទទន់ខ្សោយ។ ហេតុនេះការប្រើអំពើហិង្សាទៅលើស្រី្ត គឺជារឿងមួយដែលត្រូវហាមប្រាមដាច់ខាត។
+ ប្រើពាក្យសមរម្យ៖ ក្រៅពីមិនប្រើអំពើហិង្សាហើយ បុរសគួរតែប្រើពាក្យសមរម្យជាមួយនឹងនារីភេទ ក្នុងការបង្ហាញពីតម្លៃរបស់នាងផងដែរ។
+ ជួយទុក្ខធុរៈ ៖ បុរសៗគួរតែព្យាយាមជួយរំលែកទុក្ខធុរៈតូចធំ របស់ស្រ្តី តាមដែលអាចធ្វើបាន។
+ ជូនអំណោយ៖ សម្រាប់មនុស្សស្រីដែលមានភាពពិសេសដល់អ្នកដូចជា ម្ដាយ បងប្អូន គូស្នេហ៍ រឺអ្នករួមការងារជាមួយគ្នា អ្នកគួរតែធ្វើការជូនអំណោយខ្លះៗ ដល់ពួកគាត់ក្នុងឱកាសពិសេសណាមួយ ឬក៏អាចចំនាយពេលវេលាជាមួយគាត់តាមដែលអាចធ្វើបាន ដើម្បីរក្សាទំនាក់ទំនងកាន់តែពិសេស។
+ ការពារតម្លៃ និងសិទ្ធិចំពោះមុខអ្នកដទៃ៖ ជាការពិតណាស់! ទោះជាយ៉ាងណាអ្នកគួរតែការពារកេរ្តិ៍ឈ្មោះរបស់នារីតាមដែលអាចធ្វើបាន និងមិនគួរនិយាយអាក្រក់ មិនសមរម្យធ្វើឲ្យខូចឈ្មោះនាងឡើយ។
+ មានភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្ត ៖ ជាមួយគ្នានេះ ភាពស្មោះត្រង់ និងការផ្ដល់ទំនុកចិត្តទៅឲ្យនាង ក៏អាចបង្ហាញពីតម្លៃរបស់នាងក្នុងភ្នែកអ្នកផងដែរ។
+ ផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្ត៖ អ្វីដែលស្រី្តត្រូវការជាចាំបាច់នោះគឺការលើកទឹកចិត្ត លួងលោម និងនៅក្បែរជាកម្លាំងចិត្តគ្រប់ពេលដែលនាងជួបរឿងលំបាក។
+ Lady first ស្រ្តីជាធំ៖ ជាចុងក្រោយ មិនថាជួបស្ថានការណ៍បែបណា អ្នកគួរតែទន្ទេញ និងចាំក្នុងចិត្តថា ស្រី្តជាធំ និងគួរតែផ្ដល់ឱកាស ក៏ដូចជាសិទ្ធិទៅឲ្យស្រីមុនជានិច្ច៕

- Share This Post:






