PR

ធនាគារ ហ្វីលីព និងក្រុមហ៊ុន Mora BNPL ចុះអនុស្សរណៈយោគយល់លើការទូទាត់តាមឌីជីថល

BY
srey nuch
May 15, 2023

ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣–ក្រុមហ៊ុន Mora BNPL បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងធនាគារ ហ្វីលីព ដើម្បីរៀបចំដាក់ដំណើរការ នៃផលិតផល និងសេវាហិរញ្ញវត្ថុ តាមរយៈ ទម្រង់ថ្នាលឌីជីថល ដែលហៅថា ទិញឥឡូវ បង់លុយតាមក្រោយ (Buy Now Pay Later)។

ប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជន ធ្វើការទូទាត់បានភ្លាមៗនូវការទិញទំនិញផ្សេងៗ (នៅហាងពាណិជកម្មដែលជាដៃគូរបស់ Mora)តាមរយៈ កម្មវិធី Mora(Mora App) ក្រោមការផ្តល់ហិរញ្ញប្បទានពី ធនាគារ ហ្វីលីពដោយគ្មានការប្រាក់ និងកម្រៃសេវាផ្សេងៗ។

លោក ចាន់ ម៉ាច អគ្គនាយករបស់ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ដើម្បីស្របទៅតាម ការរីកចម្រើននៃវិស័យឌីជីថល និងមធ្យោបាយទូទាត់រហ័ស ធនាគារ ហ្វីលីព បានសហការ ជាមួយក្រុមហ៊ុន Mora ក្នុងការផ្តល់នូវសេវាកម្មទូទាត់សាច់ប្រាក់ដ៏ល្អបំផុត សម្រាប់អតិថិជនទាំងអស់ឱ្យកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាព។តាមរយៈកិច្ចសហការនេះផងដែរ យើងជឿជាក់ថាអតិថិជនទាំងអស់នឹងទទួលបានបទពិសោធន៌កាន់តែល្អប្រសើររាល់ពេលទូទាត់បែបឌីជីថល។ ”

ជាមួយគ្នានេះផងដែរ លោក ឃួន សុភ័ទ្ទ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mora BNPL បានលើកឡើងថា “ក្រុមហ៊ុន Mora បានបង្កើតផលិតផលនេះឡើង ដើម្បីឆ្លើយតបទៅនឹងបរិបទស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងភាពរីកចម្រើននៃវិស័យឌីជីថល ដែលមនុស្សម្នាក់ៗបានធ្វើការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ របៀបនៃការទិញទំនិញ ការប្រើប្រាស់មធ្យោបាយទូទាត់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់ជាដើម។”

លោកក៏បានបន្ថែមផងដែរថា “ខ្ញុំសង្ឃឹមថាក្រោមកិច្ចសហការជាដៃគូជាមួយ ធនាគារ ហ្វីលីព ក្រុមហ៊ុន Mora នឹងអាចផ្តល់នូវលក្ខខណ្ឌមធ្យោបាយទូទាត់ថ្មីៗ ជូនដល់ម្ចាស់ហាង ក៏ដូចជាអតិថិជនដើម្បីស្របទៅនឹងការរស់នៅបែបឌីជីថល និងទាន់សម័យ។”

ម៉ូរា (Mora) គឺជាឈ្មោះថ្នាលឌីជីថល ទិញឥឡូវ បង់លុយតាមក្រោយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mora BNPL ក្រោមកិច្ចសហការក្នុងការផ្តល់ហិរញ្ញប្បទានពីធនាគារ ហ្វីលីព ដើម្បីសម្រួលទៅដល់លក្ខខណ្ឌនៃលំហូរសាច់ប្រាក់ដល់អតិថិជនក្នុងការទិញទំនិញនានាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ គ្រឿងសម្អាង សេវាសុខភាព និងផលិតផលផ្សេងៗទៀត ពោលគឺអតិថិជនអាចធ្វើការទិញទំនិញពីហាងដែលជាដៃគូរបស់ Mora ដោយធ្វើការបង់ប្រាក់ជាតំណាក់កាល ដោយមិនមានការប្រាក់ និងកម្រៃផ្សេងៗ។

សម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ក្លាយជាដៃគូពាណិជកម្មជាមួយនឹង Mora ពួកគាត់អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១ ឬអ៊ីមែល merchant@mora.live. ៕

អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជាជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

អំពី Mora BNPL
Mora ជាថ្នាលឌីជីថលមួយ ដែលបង្កើតឡើងជាប្រពន្ធ័អេកូសីស្ទឹមដែល បម្រើប្រយោជន៍ដល់អតិថិជន ហាងពាណិជ្ជកម្មដៃគូ និងស្ថាប័នធនាគារ។ ចំពោះហាងពាណិជ្ជកម្មដៃគូជាមួយ Mora នៅពេលដែលពួកគាត់បាន ក្លាយជាដៃគូជាមួយ Mora គឺពួកគាត់ទទួលបានអតិថិជនថ្មីៗ តាមរយៈអតិថិជនរបស់ Mora ដែលមានស្រាប់ ហាងពាណិជ្ជកម្មអាចបង្កើននូវការលក់ និងចំនួនបរិមាណក្នុងការបញ្ជាទិញម្តងៗពីអតិថិជន។ ចំណែកអតិថិជនវិញ គឺពួកគាត់ទទួលបាននូវទំនិញដែលគាត់ចង់បាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាម្តងទាំងអស់ក្នុងការបង់ប្រាក់ ពោលគឺពួកគាត់អាចធ្វើការបង់ជាតំណាក់កាលជាមួយនឹង Mora បានដោយគ្មាន ការប្រាក់ ឬកម្រៃនានា។ ជាពិសេសទៀតនោះ ដៃគូធនាគាររបស់ Mora ក៏បានប្រើប្រាស់ និងបញ្ចេញហិរញ្ញប្បទានទៅកាន់អតិថិជន តាមប្រពន្ធ័ឌីជីថលបានយ៉ាងឆាប់រហ័ស ចំណេញពេលវេលា និងងាយស្រួលតាមដាន។

Share This Post: