SEA GAMES

កីឡាបានផ្លាស់ប្តូរជីវិតពិការភាពរបស់កីឡាការិនី វ៉ិត ចន្ថា មុនបន្តការពារមេដាយមាសអាស៊ានប៉ារ៉ាហ្គេម២០២៣ នៅកម្ពុជា

BY
srey nuch
May 30, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី វ៉ិត ចន្ថា
ស៊ូក្រាញននៀល នឹងជីវិតដែលមានពិការភាពតាំងពីកុមារភាពជាមួយនឹងការលំបាកយ៉ាងខ្លាំង។ កីឡាការិនីរូបនេះ មានក្តីប្រាថ្នាដ៏ធំមួយ ហើយថាតើអ្វីទៅ ដែលអាចផ្លាស់ប្តូរជីវិតដែលលំបាកក្នុងភាពពិការបាន និងអាចលើកកម្ពស់ជីវិតខ្លួនឯងឱ្យកាន់តែប្រសើរ ដើម្បីខ្លួនឯង និងអាចកសាងសមិទ្ធផលអ្វីខ្លះសម្រាប់សង្គមជាតិខ្លួនឯង។

វ៉ិត ចន្ថា ពិការជើង តាំងពីមានវ័យ ១២ឆ្នាំមកម្ល៉េះ ដោយសារចូលម៉ាស៊ីនធ្វើឥដ្ឋ។ ក្នុងនាមជាជនមានពិការភាពជីវិតមានការលំបាកខ្លាំងណាស់ ម្យ៉ាងទឹកចិត្តមួយគិតថា ខ្លួនឯងរស់នៅក្នុងមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនមានកាយសម្បទាល្អ។ កីឡាការិនី វ៉ិត ចន្ថា បានរាប់រាប់ឱ្យដឹងថា៖ «ពេលនោះក៏មានការរើសអើងច្រើនដែរ មិនដូចពេលបច្ចុប្បន្ននេះទេ សូម្បីតែកូនគេដើរលេងជាមួយខ្ញុំ គេបាននិយាយថា មិនបាច់ដើរជាមួយខ្ញុំទេ ដើរយឺតណាស់ ពួកគេដើរចាំតែខ្ញុំ ដោយសារការដើរយឺត។ ព្រោះតែពាក្យសម្តីពួកគាត់បែបនេះហើយ ទើបធ្វើឱ្យខ្ញុំបានគិតពិចារណាថា តើអ្វីទៅដែលអាចកែប្រែជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ពីអណ្តើកប្រែមកជាទន្សាយ ដែលអាចលោតហក់មកបានដូចគេដូចឯង»។

កីឡាការិនី វ៉ិត ចន្ថា អះអាងបញ្ជាក់បន្ថែមថា «ចំពោះកិច្ចការងារ មុនចូលប្រឡូកក្នុងវិស័យកីឡា នាងខ្ញុំមិនខ្លាចនឿយហត់ទេ អ្វីក៏ខ្ញុំធ្វើ មិនថាលាងចានគុយទាវ បោកខោអាវឱ្យគេ ស៊ីឈ្នួលលក់ខោអាវឱ្យគេ ធ្វើការរោងចក្រកាត់ដេរ ដើម្បីស្វែងរកលុយចិញ្ចឹមខ្លួនឯង កុំឱ្យក្លាយជាបន្ទុកក្នុងគ្រួសារ។ ខ្ញុំបានចេញមករស់នៅក្រៅចេញពីក្រុមគ្រួសារចាប់តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ»

ដោយទទួលបានប្រាក់កម្រៃមធ្យមសម្រាប់ដោះស្រាយជីវភាព ក្នុងពេល វ៉ិត ចន្ថា បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនិស្ស័យកីឡាមួយបានកើតឡើង នៅពេលមើលទូរទស្សន៍ឃើញការផ្សព្វផ្សាយព័ត៌មានកីឡាជនពិការហើយពេលនោះអ្នកស្រីមានចិត្តស្រឡាញ់ការលេងកីឡា ប៉ុន្តែមិនដែលដឹងសោះថាកន្លែងណាដែលគេចុះឈ្មោះចូលរួមលេងកីឡា។ នៅពេលមួយអ្នកស្រីបានស្គាល់គ្រូកីឡា គឺលោក វណ្ណា ហើយលោកក៏បានណែនាំទីតាំងចុះឈ្មោះរហូតដល់អ្នកស្រីបានទៅបំពេញឈ្មោះ និងបានចូលរួមហ្វឹកហាត់ កាលពីឆ្នាំ២០១៤ ដោយហ្វឹកហាត់លើផ្នែកកីឡាអត្តពលិកផ្នែករត់ចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រពេញ១ឆ្នាំ។

ជាក់ស្តែងនៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កីឡាការិនីជម្រើសជាតិពិការកម្ពុជា វ៉ិត ចន្ថា បានបំណែកកំណត់ត្រាថ្មី តាមរយៈការឈ្នះមេដាយមាស២គ្រឿង និងប្រាក់១គ្រឿង ជាលើកដំបូងរបស់ខ្លួនជូនជាតិ។ មេដាយមាសទី១ បានឈ្នះលើវិញ្ញាសាលោតបានចម្ងាយ ដែលធ្វើសម្រេចក្នុង ៤,២៩ម៉ែត្រ, មេដាយមាសទី២ វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ និងមេដាយប្រាក់១គ្រឿង វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ។

កីឡាការិនី វ៉ិត ចន្ថា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមកសាងសមិទ្ធផលកីឡាជូនជាតិ។ សូមអរគុណចំពោះប្រជាពលរដ្ឋផ្តល់ការគាំទ្រចំពោះនាងខ្ញុំ។ ខ្ញុំអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ដែលលើកទឹកចិត្តនាងខ្ញុំ»

បើតាមការរៀបរាប់របស់កីឡាការិនី វ៉ិត ចន្ថា បានឱ្យដឹងថា កាលពីពេលមុន មានការលំបាកខ្លាំង មានភាពខ្មាស់អៀនច្រើន តូចចិត្ត អន់ចិត្តច្រើន ប៉ុន្តែនៅពេលដែលជីវិតមួយនេះបានចូលរួមលេងកីឡា គឺជីវិតរបស់ វ៉ិត ចន្ថា បានផ្លាស់ប្តូរ។ ទម្រាំនឹងបានឈានមកដល់ចំណុចនេះ គឺការតស៊ូ និងលះបង់មានមិនតិចនោះឡើយ ហើយពេលនេះគឺសប្បាយចិត្តចំពោះភាពជោគជ័យរបស់ខ្លួនឯង។ ជារួមគឺកីឡាបានកែប្រែជីវិតរបស់កីឡាការិនី វ៉ិត ចន្ថា បានច្រើនជាមួយនឹងការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្តគ្រប់បែបយ៉ាងពីសង្គមជាតិ។

កីឡាការិនី វ៉ិត ចន្ថា បានអះអាងបន្ថែមថា៖ «ជីវិតខ្ញុំបានប្រែក្លាយក្នុងទឹកចិត្តដ៏រឹងមាំ តាមរយៈការចូលរួមលេងកីឡា ដែលបានចូលហ្វឹកហាត់ នៅគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានឯកឧត្តម យី វាសនា ជាអគ្គលេខាធិការបានជ្រោមជ្រែងដឹកនាំ លើកទឹកចិត្តជានិច្ច»

ម្ចាស់មេដាយមាសរូបនេះបង្ហាញក្តីរំភើបយ៉ាងដូច្នេះថា៖ «នាងខ្ញុំមិននឹកស្មានថា នាងខ្ញុំជាកីឡាការិនីពិការ អាចឈានដល់ចំណុចនេះនោះទេ។ នាងខ្ញុំរំភើបខ្លាំង ដល់ស្រក់ទឹកភ្នែក។ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិរបស់យើង ក៏ដូចជាខ្លួនឯងផ្ទាល់។ កាលពីពេលមុន ខ្ញុំមិនធ្លាប់គិតទេថា ខ្ញុំទទួលបានកិត្តិយសបែបនេះទេ។ ខ្ញុំធ្លាប់ជាក្មេងស្នាក់នៅជាមួយគេ ខ្ញុំធ្លាប់លាងចាន បោកខោអាវ បម្រើនៅផ្ទះគេ។ ម្យ៉ាងទៀតជាក្មេងមានពិការភាព មិនធ្លាប់ស្រមៃថានឹងបានក្លាយខ្លួនទទួលបានកិត្តិយសបែបនេះទេ។ ជាមួយគ្នានេះ ខ្ញុំក៏ធ្លាប់គិតដែរថា កើតមកជាមនុស្សពិការជើង មិនមែនជាបញ្ហាធំទេ ត្រូវតែតស៊ូក្រាញននៀលនឹងជីវិត កុំឱ្យគេថា ខ្លួនពិការហើយធ្វើអ្វីមិនកើត។ ដូច្នេះជម្រើសជាតិពិការរូបនេះបានប្តេជ្ញាចិត្តថា ខិតខំតស៊ូប្រឹងប្រែងនឹងជីវិត បើទោះបីជាត្រូវជួបនឹងការលំបាកបែបណាក៏ដោយក៏ត្រូវតែតស៊ូពុះពារទៅមុខជានិច្ច។ ជាក់ស្តែងពេលបានចូលប្រលូកក្នុងវិស័យកីឡា គឺនាងខ្ញុំជោគជ័យ»។

សូមជម្រាបជូនថា ចំពោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ កីឡាការិនី វ៉ិត ចន្ថា កំពុងសម្រុកការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ថា ខ្លួននឹងប្រែងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីការពារមេដាយមាសដែលដណ្តើមបានកន្លងមក និងបង្កើនមេដាយឱ្យបានច្រើន ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: