កូនស្រីពៅលោក ថាក់ស៊ីន បាននិយាយថា ឪពុករបស់គាត់នឹងត្រឡប់មកប្រទេសថៃវិញក្នុងខែកក្កដា
- BY
- autoadmin
- June 10, 2023
កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា ឪពុករបស់លោកស្រីនឹងត្រឡប់មកប្រទេសថៃវិញ ហើយក៏យល់ព្រមប្រឈមនឹងដំណើរការផ្លូវច្បាប់។ លោកស្រីបានធ្វើការលើកឡើងបែបនេះ ដើម្បីជាការឆ្លើយតបនឹងការប្រកាសរបស់លោក ថាក់ស៊ីន តាមបណ្តាញសង្គមថា គាត់ចង់ត្រឡប់ទៅផ្ទះវិញដើម្បីជួបចៅថ្មីរបស់គាត់។ លោកស្រី ភែថងថាន បានជឿជាក់ថា ឪពុករបស់លោកស្រីចង់វិលត្រឡប់មកវិញក្នុងខែកក្កដា ព្រោះវាជាខែកំណើតរបស់គាត់។

លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា គ្រួសារស៊ីណាវ៉ាត្រានឹងជួយសម្រួលដល់ការវិលត្រឡប់របស់លោក ថាក់ស៊ីន ដូចជាតាមរយៈបដិសណ្ឋារកិច្ច និងសន្តិសុខជាដើម។ លោកស្រីបាននិយាយថា៖ «យើងត្រូវតាមដានស្ថានការណ៍ព្រោះយើងជឿថា ការវិលត្រឡប់របស់ឪពុកខ្ញុំនឹងក្លាយជាបញ្ហាធំ»។ លោកស្រីក៏បានបញ្ជាក់ពីការលើកឡើងរបស់លោកឪពុកថា គាត់សុខចិត្តវិលទៅកាន់ប្រទេសថៃ និងចូលខ្លួនក្នុងដំណើរការតុលាការ មិនថាអ្នកណាកំពុងដឹកនាំរដ្ឋាភិបាលនោះទេ។
រំលឹកដែរថា លោកថាក់ស៊ីន បានរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ២០០៨ ដោយចំណាយពេលភាគច្រើននៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធា ដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយគាត់ប្រឈមនឹងការចោទប្រកាន់ជាច្រើន និងជាប់ពន្ធនាគារពីបទរំលោភអំណាច៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






