អន្តរជាតិ

ប្រទេសចិនចង់ដាក់ការរឹតត្បិតលើការប្រើប្រាស់សេវាកម្មចែករំលែក AirDrop និង Bluetooth

BY
autoadmin
June 9, 2023

ប្រទេសចិនចង់ដាក់ការរឹតត្បឹតលើការប្រើប្រាស់សេវាកម្មចែករំលែកឯកសារតាមដូចជា៖ AirDrop និង Bluetooth នៅក្នុងការផ្លាស់ប្តូរថ្មីមួយ ដែលនឹងពង្រីកការរារាំង​ censorship របស់ខ្លួនថែមទៀត។ និយតករអ៊ីនធឺណិតជាតិចិន កាលពីថ្ងៃអង្គារបានចាប់ផ្តើមការពិគ្រោះរយៈពេល ១ខែ លើសំណើដែលនឹងធ្វើឱ្យមានការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានខុសច្បាប់ និងអ្វីដែលពួកគេយល់ថាមិនគប្បី។ ប៉ុន្តែសកម្មជន​បារម្ភ​ថា វា​នឹង​រារាំង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ប្រមូល​មនុស្ស ឬ​ចែករំលែក​ព័ត៌មាន។

Bluetooth , AirDrop និងសេវាកម្មចែករំលែកឯកសារបែបនេះ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងប្រទេសចិន ដើម្បីគេចចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលតែងតែងាកទៅរក AirDrop ដើម្បីរៀបចំ និងចែករំលែកការទាមទារនយោបាយរបស់ពួកគេ។ AirDrop មានប្រជាប្រិយភាពជាពិសេសក្នុងចំណោមសកម្មជន ព្រោះវាពឹងផ្អែកលើការតភ្ជាប់ Bluetooth រវាងឧបករណ៍ជិតៗ ដែលអនុញ្ញាតឱ្យពួកគេចែករំលែកព័ត៌មានជាមួយអ្នកដទៃ ដោយមិនបង្ហាញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេ ឬឆ្លងកាត់បណ្តាញកណ្តាលដែលអាចត្រួតពិនិត្យបាន។

ប៉ុន្តែភ្លាមៗបន្ទាប់ពីលោក Xi Jinping អាចស្រោចស្រង់អាណត្តិទី៣ របស់គាត់ ក្រុមហ៊ុន Apple បានបញ្ចេញកំណែថ្មីនៃមុខងារនៅក្នុងប្រទេសចិន ដោយបានកំណត់វិសាលភាពរបស់វា។ ឥឡូវនេះ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងឧបករណ៍ Apple ផ្សេងទៀតរបស់ចិន អាចទទួលឯកសារពីមនុស្សដែលគ្មាននៅក្នុងបញ្ជីទំនាក់ទំនង (contact list) របស់ពួកគេ បានត្រឹមតែ ១០ នាទីដំបូងប៉ុណោះ។ ក្រោយពីនោះគឺពួកគេមិនអាចទទួលឯកសារ ពីក្រុមមនុស្សដែលគ្មាន contact ជាមួយគ្នានោះឡើយ។ Apple មិន​បាន​ពន្យល់​ពី​មូលហេតុ​ទេ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ត្រូវ​បាន​គេ​រិះគន់ ​ចំពោះ​ការ​ផ្គាប់​ចិត្ត​ទីក្រុង​ប៉េកាំងបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: