អន្តរជាតិ

លោក ដូណាល់ ត្រាំ បានហៅការចោទប្រកាន់ចំនួន ៣៧ ករណី មកលើរូបគាត់ថា «គ្មានមូលដ្ឋាន និង ជាការបំពានអំណាច»

BY
autoadmin
June 11, 2023

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ការចោទប្រកាន់របស់សហព័ន្ធប្រឆាំងនឹងគាត់ ដោយបាននិយាយថា វាគួរឱ្យអស់សំណើច និងគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីការចោទប្រកាន់ត្រូវបានប្រកាស។ កាលពីថ្ងៃសុក្រថ្មីៗនេះ តុលាការសហព័ន្ធបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះចំនួន ៣៧ ករណី រួមទាំងការរក្សាទុកព័ត៌មានការពារជាតិដោយចេតនា។

នៅឯសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ Georgia ភាគខាងត្បូងកាលពីថ្ងៃសៅរ៍លោក ត្រាំ បានអះអាងពីភាពគ្មានកំហុសរបស់គាត់ ហើយបានចោទប្រកាន់ប្រធានាធិបតី ចូ បៃដិន ពីការព្យាយាមធ្វើឱ្យខូចដល់យុទ្ធនាការប្រធានាធិបតីរបស់គាត់សម្រាប់ឆ្នាំ២០២៤។

លោក ត្រាំ បាននិយាយថា៖«ការចោទប្រកាន់ដ៏គួរឱ្យអស់សំណើច និងគ្មានមូលដ្ឋានលើខ្ញុំ ដោយនាយកដ្ឋានអយុត្តិធម៌ (Department of Injustice) របស់រដ្ឋបាល បៃដិន គឺជាការរំលោភបំពានអំណាចដ៏គួរឱ្យរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។ លោក​បាន​បន្ថែម​ថា «រឿង​ល្អ​តែ​មួយ​គត់​អំពី​វា គឺ​វា​បាន​ជំរុញ​ឱ្យ​សំឡេងអ្នកគាំទ្រ​របស់​ខ្ញុំ​កើន​ឡើង»។ ត្រាំ គឺជាអ្នកនាំមុខគេនាពេលបច្ចុប្បន្ន សម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: