ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួង​សុខាភិបាល​ថៃចេញ​ការ​ព្រមាន​ពី​ជំងឺ​គ្រុន​ឈាម ខណៈ​ការឆ្លងបានកើនឡើងដល់​កម្រិត​ខ្ពស់​បំផុតរយៈពេល ៣ឆ្នាំ

    BY autoadmin June 13, 2023
    ក្រសួង​សុខាភិបាល​ថៃចេញ​ការ​ព្រមាន​ពី​ជំងឺ​គ្រុន​ឈាម ខណៈ​ការឆ្លងបានកើនឡើងដល់​កម្រិត​ខ្ពស់​បំផុតរយៈពេល ៣ឆ្នាំ

    ក្រសួង​សុខាភិបាល​ថៃ បាន​ព្រមាន​ប្រជាពលរដ្ឋរបស់ខ្លួនឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​មូស​ ខណៈ​ករណី​ជំងឺ​គ្រុន​ឈាម​កំពុងមានការកើន​ឡើង។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា ប្រទេសថៃបានកត់ត្រាជំងឺគ្រុនឈាមចំនួន ១៨,១៧៣ ករណី ពីខែមករាដល់ខែឧសភាឆ្នាំនេះ ដែលជាការកើនឡើង ៤.២ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ។ ការឆ្លងជាមធ្យមគឺ ៩០០ ករណី ក្នុងមួយសប្តាហ៍ និងបានបណ្តាលឱ្យមានអ្នកស្លាប់ ១៥នាក់ ក្នុងអំឡុងខែមករាដល់ខែឧសភា។

    ទីក្រុងបាងកក មានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកគឺខេត្តត្រាត ណាន ចាន់ថាបុរី រ៉ាយ៉ង និងម៉ាហុងសុន។ ហើយក្រុមអាយុដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺកុមារ ដែលមានអាយុពី៥ ទៅ ១៤ឆ្នាំ បន្ទាប់មកគឺក្រុម ១៥-២៤ឆ្នាំ។ ក្រសួង​សុខាភិបាល​សាធារណៈ​បានព្រមាន​ថា ករណី​ជំងឺ​គ្រុនឈាម ដែល​​ឆ្លង​ដោយ​សារមូស​ខ្លា តែងតែ​កើន​ឡើង​នៅ​ចន្លោះ​ខែ​មិថុនា ដល់​ខែ​សីហា ក្នុង​រដូវ​វស្សា។ ក្រសួង​បាន​ណែនាំ​ដល់​សាធារណជន​ត្រូវ​ការពារ​ខ្លួន​ពី​មូស​ខាំ ដោយ​ប្រើ​ថ្នាំ​បាញ់​មូស ហើយ​សម្រាន្តក្រោម​មុង។

    សមាជិកក្នុងគ្រួសារក៏គួរតែតាមដានរោគសញ្ញាជាប្រចាំផងដែរ ដោយការតាមដានរោគសញ្ញាដំបូងដូចជា៖ គ្រុនក្តៅខ្លាំង ដែលមានរយៈពេលប្រហែល ២-៧ ថ្ងៃ ការឈឺសាច់ដុំ និងឈឺភ្នែកជាដើម។ លោកស្រី Traisuree បាននិយាយថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាទាំងនេះ ពួកគេគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ រដ្ឋាភិបាលបានជំរុញសាធារណជន និងអ្នកផ្សេងទៀត ចូលរួមយុទ្ធនាការបង្ការជំងឺគ្រុនឈាម ដោយការបំផ្លាញជម្រកមូសខ្លាក្នុងរដូវវស្សា។ ពលរដ្ឋត្រូវបានណែនាំឱ្យបង្ហូរទឹកចេញពីវត្ថុដែលដក់ទឹក ដើម្បីការពារមូសពីការបង្កាត់ពូជ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: