ទូកដឹកជនចំណាកស្រុកមួយគ្រឿងបានក្រឡាប់នៅប្រទេសក្រិក បណ្តាលឲ្យជីវិតមនុស្សយ៉ាងហោចណាស់ ៧៩នាក់បាត់បង់ជីវិត
យ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន ៧៩នាក់ បានលង់ទឹកស្លាប់ នៅពេលដែលទូកផ្ទុកលើសទម្ងន់មួយគ្រឿងបានលិចនៅក្នុងប្រទេសក្រិក។ រ៉យទ័រ និងសារព័ត៌មានផ្សេងទៀតរាយការណ៍ថា ទូកនេសាទមកពីប្រទេសលីប៊ី បានលិចនៅភាគអាគ្នេយ៍នៃប្រទេសក្រិកកាលពីថ្ងៃពុធ ហើយនៅលើទូកមួយនោះ មានមនុស្សពី ៥០០ នាក់ ទៅ ៧០០ នាក់។ មនុស្សប្រហែល ១០០ នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសក្រិក។

ឆ្មាំឆ្នេរសមុទ្រក្រិកបាននិយាយថា ខ្លួនបានប្រទះឃើញទូកនេសាទកាលពីថ្ងៃអង្គារ ហើយបានស្នើផ្តល់ជំនួយ ប៉ុន្តែមនុស្សនៅលើទូកបានបដិសេធជំនួយ ហើយនិយាយថា ពួកគេចង់បន្តជិះទូកឆ្ពោះទៅប្រទេសអ៊ីតាលី។ ឆ្មាំឆ្នេរសមុទ្រនិយាយថា ទូកបានក្រឡាប់ និងលិចនៅមុនថ្ងៃរះនៅថ្ងៃពុធ បន្ទាប់ពីបានរាយការណ៍បញ្ហាម៉ាស៊ីន។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកនិយាយថា មនុស្សជាង ២០,០០០ នាក់ បានស្លាប់ចាប់តាំងពីឆ្នាំ២០១៤ នៅលើផ្លូវមេឌីទែរ៉ាណេកណ្តាល ពីអាហ្វ្រិកខាងជើងទៅកាន់ប្រទេសអ៊ីតាលី៕


អត្ថបទ៖ លីដា
ប្រភព៖ NHK