ចំនួនបាត់បង់ជីវិតពីការលិចទូកនេសាទដឹកជនចំណាកស្រុកនៅប្រទេសក្រិក បានកើនឡើងដល់ ៨១នាក់
- BY
- autoadmin
- June 20, 2023
ចំនួនអ្នកស្លាប់ពីការលិចទូកកាលពីសប្តាហ៍មុននៅប្រទេសក្រិក បានកើនឡើងដល់ ៨១នាក់។ ទូកនេសាទនោះបានដឹកជនចំណាកស្រុករាប់រយនាក់ និងបានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសក្រិក បន្ទាប់ពីវាបានចាកចេញពីប្រទេសលីប៊ីទៅកាន់ទ្វីបអឺរ៉ុប។ មនុស្សប្រហែល ១០០ នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាច្រើននាក់ទៀតនៅតែមិនទាន់រកឃើញនៅឡើយ។ ឆ្មាំឆ្នេរសមុទ្រក្រិកកាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនបានរកឃើញសាកសពបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨១ ហើយវានឹងកើនឡើងថែមទៀត។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ៥០០ នាក់ នៅតែបាត់ខ្លួន។ ឆ្មាំឆ្នេរសមុទ្រក៏បានចាប់ខ្លួនបុរសជនជាតិអេហ្ស៊ីប ៩នាក់ ដែលត្រូវបានជួយសង្គ្រោះពីការលិចទូកដោយសង្ស័យថា មានការរត់ពន្ធមនុស្ស ស្របពេលដែលអ្នកទាំងនោះមានអាយុចន្លោះពី ២០ ទៅ ៤០ ឆ្នាំ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និយាយថា អ្នកដំណើរភាគច្រើននៃទូកគឺជាជនចំណាកស្រុកមកពីប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប។ នៅក្នុងប្រទេសប៉ាគីស្ថាន ទង់ជាតិត្រូវបានពាក់កណ្ដាលនៅអគារផ្លូវការកាលពីថ្ងៃចន្ទ បន្ទាប់ពីថ្ងៃនៃការកាន់ទុក្ខត្រូវបានប្រកាស៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






