រត់ម៉ូតូឌុប និងធ្វើសំណង់រកមិនសូវបាន បែកគំនិតឆក់កាបូបចិន ចុងក្រោយប៉ូលិសចាប់វាយខ្នោះទាំង២
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ០០នាទី មានជនជាតិចិនប្រុស-ស្រី ០២នាក់ កំពុងដើរតាមផ្លូវនៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយនារីជាជនជាតិចិនមានស្ពាយកាបូបចំហៀងមួយ ភ្លាមនោះស្រាប់តែមានជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់យកកាបូបរបស់នារីជនជាតិចិននោះ ដួលអូសប្រហែលជា ០២ម៉ែត្រ ក្នុងពេលនោះក៏ត្រូវកម្លាំងល្បាតរបស់ផែននគរបាលព្រហ្មទណ្ឌ ឃើញសកម្មភាពឆក់ក៍សហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងដែលពាក់ព័ន្ធ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង ០២នាក់ភ្លាមៗនោះដែរ។
ជនរងគ្រោះឈ្មោះ HUANG HAI YAN ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ លិខិតឆ្លងដែនលេខៈ EA៣១៨០២៦៦ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួស រលាស់ស្មារខាងឆ្វេង និងពកក្បាល។ ចំណែកជនសង្ស័យទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ យាន ស៊ីយ៉ែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ចំពោះករណីនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

ប្រភព៖ លោក Huy Bunleng




