អន្តរជាតិ

មេធាវីរបស់លោក ថាក់ស៊ីន កំពុងរៀបចំឯកសារចាំបាច់ ដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រថៃ

BY
autoadmin
August 30, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំឯកសារចាំបាច់ ដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែកាលបរិច្ឆេទ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ ជាធម្មតា អ្នកទោសដែលបានជាប់ពន្ធនាគារយ៉ាងហោចណាស់ ១ ភាគ ៣ នៃចំនួនឆ្នាំសរុប ឬច្រើនជាង ៨ឆ្នាំ គឺអាចដាក់សំណើសុំការលើកលែងទោសពីព្រះមហាក្សត្របានហើយ។ រំលឹកផងដែរថា លោក ថាក់ស៊ីន ដែលកំពុងមានវ័យ ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយក៏ត្រូវបានបញ្ជូនទៅពន្ធនាគារបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។

ចូលពន្ធនាគារបានរយៈពេល ១៣ ម៉ោង គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ ដោយសារមានការឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមទាប។ កូនស្រីពៅរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra ក៏បានទៅសួរសុខទុក្ខឪពុករបស់លោក ថាក់ស៊ីន នៅរសៀលថ្ងៃច័ន្ទ និងព្រឹកថ្ងៃអង្គារ។ លោកស្រី​បាន​និយាយ​ថា លោកស្រី​ព្រួយ​បារម្ភ​បំផុត​អំពី​ស្ថានភាព​បេះដូង​របស់លោក​ឪពុក។ លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីថ្ងៃអង្គារថា ឪពុករបស់លោកស្រីនៅអស់កម្លាំង ប៉ុន្តែអាចនិយាយជាមួយលោកស្រីបាន។ មុននេះ នាយកដ្ឋានកែប្រែក៏បានរាយការណ៍ថា លោក ថាក់ស៊ីន មានជំងឺធ្ងន់ធ្ងរចំនួន ៤ គឺ ជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងបញ្ហាឆ្អឹងខ្នង herniated lumbar disc៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: