ស្ត្រីម្នាក់យកដំបងវាយលោកតាចំណាស់អាយុជិត១០០ឆ្នាំ បែកក្បាលហូរឈាម
ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើហិង្សាដោយចេតនាវាយមកលើលោកតាចំណាស់ម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង២០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះលីវ ឈៀង ភេទ ប្រុស អាយុ៩៤ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកឯជនសង្ស័យមានឈ្មោះម៉ូវ ង៉ិចហៀក ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មានទីលំនៅភូមិស្វាយតានី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សភាពរឿងហេតុនៅថ្ងៃទី០៤ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦.២០នាទី។ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើរច្រត់តាមផ្លូវលំកាត់ មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក ។ ពេលនោះ ឆ្កែរបស់ឈ្មោះម៉វ ង៉ិចហៀក ចំនួនពីរក្បាលបានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួនយាវាយឆ្កែដើម្បីកុំអោយឆ្កែខាំ។ ក៍ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួនក៏យកដំបងឬស្សីប្រវែង ០១ម៉ែត្រ០៦ហ៊ុន មកវាយជនរងគ្រោះ បណ្តាលអោយបែកចំពីលើក្បាល និងមានស្នាមមុតដៃចេញឈាមទៀតផង។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល របួសនៅមន្ទីពេទ្យឯកជនមួយនៅស្វាយតានី។ ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕





