គ្រោះថ្នាក់ចរាចរណ៍នឹកស្មានមិនដល់ ធ្វើឲ្យម៉ូតូមួយគ្រឿងហោះទៅទើរលើបង្គោលខ្សែភ្លើង
ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើង និងបានធ្វើម៉ូតូមួយគ្រឿងត្រូវហោះទៅទើរលើបង្គោលខ្សែភ្លើង ដែលស្រដៀងគ្នាទៅនឹងឈុតឆាកក្នុងខ្សែភាពយន្តអ៊ីចឹង។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើង នៅលើដងផ្លូវមួយកន្លែងនៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ។ បើយោងតាមសាកស្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ត Pickup មួយគ្រឿង ដែលមានដាក់ម៉ូតូមួយគ្រឿងនៅពីក្រោយផងនោះបានបើកយ៉ាងល្បឿនក្នុងទិសដៅស្របច្បាប់គឺនៅស្ថិតនៅផ្នែកខាងឆ្វេងនៃផ្លូវ លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាស់ផ្លូវសំដៅមកបុករថយន្តតែម្តង។
ខណៈនោះរថយន្ត Pickup បានព្យាយាមគេចចេញពីម៉ូតូ ដែលបើកបញ្ច្រាស់ផ្លូវនោះ ហើយបានទៅបុកជាមួយនឹងបង្គោលខ្សែភ្លើង ក្រឡាប់ និងធ្វើឲ្យម៉ូតូ ដែលស្ថិតនៅខាងផ្នែកខាងក្រោយរថយន្តត្រូវហោះទៅទើរជាប់នៅលើខ្សែភ្លើងតែម្តង។ គ្រោះថ្នាក់នេះបង្កឲ្យមានមនុស្ស ៤ នាក់ រងរបួសធ្ងន់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងខេត្តសុរិន្ទជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
