បុគ្គលិកម្នាក់ចាក់សម្លាប់ចៅហ្វាយ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ក្រោយត្រូវបញ្ឈប់ពីការងារ
សិង្ហបុរី៖ បញ្ហា និងការអាក់អន់ចិត្តនៅកន្លែងធ្វើការងារតែងកើតមានជារឿយៗ រវាងថ្នាក់ដឹងនាំជាមួយនឹងកូនចៅ ឬបុគ្គលិកនៅ ក្រោមបង្គាប់។ ពេលខ្លះបញ្ហាទាំងនេះត្រូវបានរលាយបាត់ទៅវិញក្រោយមានការសម្របសម្រួលគ្នា តែក្នុងករណីខ្លះវាក៏អាចបង្កឲ្យជំលោះ និងឈានទៅរកអំពោះហិង្សាទៀតផង។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន WORLDOFBUZZ បានចុះផ្សាយថា មានបុគ្គលិកម្នាក់បានចាក់សម្លាប់ចៅហ្វាយខ្លួនឯង ក្រោយត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ពីការងារ។
ជនល្មើសរូបនេះមានឈ្មោះថា Yu Jinman អាយុ ២៣ ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Jiji Singapore ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសឹង្ហបុរី។ មុនពេលកើតហេតុបុគ្គលិករូបត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារម្តងរួចហើយ តែរូបគេត្រូវអនុញ្ញាតឲ្យចូលធ្វើការងារវិញក្រោយមានការសម្របសម្រួលពីនាយកក្រុមហ៊ុន។ យ៉ាងណាក្តី ថ្មីៗនេះរូបគេត្រូវបានក្រុមហ៊ុនសម្រេចបញ្ឈប់ជាថ្មីម្តងទៀត ព្រោះតែគេធ្វើការងារមិនបានល្អ។ ដោយភ្លើងកំហឹង លោក Yu Jinman បានយកកាំបិតទៅចាក់សម្លាប់ប្រធានគ្រប់គ្រងផ្ទាល់របស់គាត់ និងចាក់លោកនាយកក្រុមហ៊ុនឲ្យរងរបួសធ្ងន់ផងដែរ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនជាច្រើនទៀតផង។ ក្រោយកើតហេតុជនល្មើសត្រូវបានប៉ូលិសចាប់ខ្លួន ដើម្បីឲ្យមកទទួលទោសតាមផ្លូវច្បាប់៕



អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz