ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាប្រកាន់ខ្ជាប់នូវការអនុវត្តស្តង់ដារអន្តរជាតិ ISO 9001 និង ISO 14001 ក្នុងរោងចក្រដើម្បីជាឧត្តមប្រយោជន៍ដល់អតិថិជន និងបរិស្ថានសង្គមទាំងមូល
- BY
- Naren
- December 28, 2023
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រពីរធំៗគឺ ISO 9001 និង ISO 14001 ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាបាននូវគុណភាពខ្ពស់របស់ផលិតផល និងការទទួលខុសខ្ពស់ចំពោះបរិស្ថាននៅក្នុងដំណើរការផលតិកម្មនៅក្នុងរោងចក្រ។


យោងទៅតាមការថ្លែងរបស់ លោក ថេង សូនិច អ្នកគ្រប់គ្រងផ្នែកគុណភាពនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគ១០០% ដោយសហគ្រិនខ្មែរ គិតមកទល់បច្ចុប្បន្ន បានទទួលវិញ្ញាបនបត្រអន្តរជាតិ ISO ចំនួន២ គឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ ការអនុលោមតាមស្តង់ដារអន្តរជាតិ ISO នេះ គឺជាការគិតគូរប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន និងម៉ាកផលិតផលឱ្យកាន់តែល្បីខ្ទរខ្ទារទាំងនៅក្នុងទីផ្សារក្នុងស្រុក និងតំបន់។

ជាមួយគ្នានេះ លោក ឈីវ ឈីទីង (CHEW CHEE TING) ប្រធានសវនករ នៃស្ដង់ដារអន្តរជាតិ ISO 9001 និង ISO 14001 នៃក្រុមហ៊ុន Global Compliance Certification Sdn Bhd បានលើកឡើងថា ហេតុផលដែលជំរុញឱ្យក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាំបាច់ត្រូវអនុវត្តស្ដង់ដារអន្តរជាតិ ISO ដោយសារតែវា គឺជាវិធីសាស្ត្រមួយ ដែលក្រុមហ៊ុនទាំងអស់នោះ អាចបង្ហាញអំពីការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍផ្នែកគុណភាព បរិស្ថាន សុវត្ថិភាព និងទិដ្ឋភាពផ្សេងទៀតនៅក្នុងរោងចក្រ។

លោក ឈីវ ឈីទីង បន្ថែមទៀតថា សម្រាប់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលនូវវិញ្ញាប័នបត្រពីរធំៗរបស់ ISO ហើយក្រុមហ៊ុនបានបំពេញលក្ខខណ្ឌសព្វគ្រប់ទៅលើការគ្រប់គ្រងខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថាន ដើម្បីធានាថា ផលិតផល ដែលចេញលក់នៅលើទីផ្សារ គឺត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិដែលបានកំណត់ ជាមួយទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសង្គម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលវិញ្ញាបនបត្រ ISO 9001 និង ISO 14001 តាំងពីឆ្នាំ ២០១៥ មក ហើយវិញ្ញាប័នបត្រទាំងពីរនេះ គឺមានសុពលភាព ៣ឆ្នាំ។ ដើម្បីរក្សាបាននូវការបញ្ជាក់ស្ដង់ដារអន្តរជាតិនេះឱ្យនៅបន្ដ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវការអ្នកជំនាញផ្នែកសវនកម្ម ISO ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំឆ្នាំទៅលើការអនុវត្តស្ដង់ដារអន្តរជាតិ ISO នៅក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន។






- Share This Post:






