អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៧៣នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួននៅមិនទាន់បិទបញ្ចប់នៅឡើយទេ
ជប៉ុន៖ ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដោយសារការរញ្ជួយដីនៅភាគខាងលិចប្រទេសជប៉ុននៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជាហេតុការណ៍នេះបានកើតឡើងអស់រយៈពេលចំនួន ៤ថ្ងៃមកហើយក្តី ខណៈសាកសពជនរងគ្រោះត្រូវបានរកឃើញជាបន្តបន្ទាប់ផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៤ ខែមករានេះ តួលេខអ្នកស្លាប់បាត់បង់ជីវិតបានបន្តកើនឡើងរហូតដល់ ៧៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។

ចំពោះផលប៉ះពាល់ជាទូទៅហាក់មិនមានអ្វីប្រែប្រួលនោះទេ ដ្បិតគ្រោះរញ្ជួយដីបានស្ងប់ស្ងាត់ទៅវិញហើយ ខណៈបើយោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរជប៉ុនបានបង្ហាញថា មានពលរដ្ឋចំនួន ៣៣,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ពលរដ្ឋប្រមាណជា ១០០,០០០គ្រួសារ កំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់ និងពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានរងផលប៉ះដោយប្រយោលផងដែរ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងក្នុងកម្រិត ៧,៦រ៉ិចទ័រ ដែលជាកម្រិតដ៏ធ្ងន់ធ្ងរមួយ និងបានវាយប្រហារយ៉ាងខ្លាំងនៅតំបន់ Noto ស្ថិតក្នុងអាណាខេត្ត Ishikawa តាំងតែពីថ្ងៃទី១ មករា ម្ល៉េះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time