ប្រពន្ធធ្វេីឲ្យប្តីរបួសអស់ ១៤ថ្នេរ ដោយសារខឹងប្តីមិននាំទៅប្រទេសសិង្ហបុរី
ឥណ្ឌា៖ ស្រ្តីម្នាក់បានចាក់ប្តីខ្លួនឯងឲ្យរងរបួសធ្ងន់ជុំវិញជម្លោះដែលបុរសជាប្តីមិនព្រមនាំរូបគាត់ទៅកាន់ប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩ ខែមករានេះ។ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅក្នុងទីក្រុង Bengaluru ស្ថិតនៅក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា ខណៈស្រ្តីជាជនបង្កហេតុត្រូវបានគេដឹងថាមានអាយុ ៥២ឆ្នាំ។

ប្រភពខាងលើបានបន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះបុរសជាជនរងគ្រោះបានទៅបំពេញការងារនៅក្នុងប្រទេសសិង្ហបុរី ខណៈរូបគាត់តែងវិលត្រលប់ទៅប្រទេសកំណើត ២-៣ដងក្នុងមួយឆ្នាំ ដើម្បីជួបប្រពន្ធនិងកូនប្រុសម្នាក់ដែលគិតត្រឹមពេលនេះមានអាយុ ២០ឆ្នាំ។ កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ បុរសរងគ្រោះដែលមានអាយុ ៥៦ឆ្នាំ បានធ្វើដំណើរទៅជួបប្រពន្ធកូនជាធម្មតា ហើយរូបគាត់បាននិយាយប្រាប់ប្រពន្ធពីគម្រោងនាំយកកូនប្រុសទៅរស់នៅ និងបន្តការសិក្សាក្នុងប្រទេសសិង្ហបុរីជាមួយគាត់ តែទុកឲ្យស្រ្តីជាប្រពន្ធបន្តរស់នៅក្នុងប្រទេសឥណ្ឌាដដែល។
ក្រោយបានស្ដាប់ពីគម្រោងនេះហើយ ស្រ្តីជាប្រពន្ធមានចិត្តខឹងយ៉ាងខ្លាំងរហូតមានការឈ្លោះទាស់ទែងយ៉ាងយូរជាមួយបុរសជាប្តី ហើយក្រោយមកនៅពេលដែលប្តីរបស់គាត់កំពុងតែគេងនៅលើគ្រែ ស្រ្តីជាប្រពន្ធបានយកកាំបិតទៅចាក់បុរសជាប្តីពីក្រោយខ្នងជាច្រើនកាំបិទនិងបង្កឲ្យមានរបួសត្រូវដេរអស់ចំនួន ១៤ថ្នេរ។ បន្ថែមពីការវាយប្រហារដោយកាំបិតហើយ ស្រ្តីជាប្រពន្ធក៏បានលាយទឹកជាមួយម្សៅម្ទេសយ៉ាងច្រើនទៅជះលើមុខបុរសជាប្តីទៀតផង។ គិតត្រឹមពេលនេះអាជ្ញាធរឥណ្ឌាកំពុងកសាងសំណុំរឿងដើម្បីដោះស្រាយតាមនីតិវិធី ខណៈស្រ្តីជាជនបង្កហេតុត្រូវប្រឈមនឹងការទទួលទោសពីបទប្រើប្រាស់អំពើហិង្សាដោយចេតនា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time