ស្លាប់២នាក់ និង ៣៥នាក់បានបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្រុតដីនៅកោះ Lombok ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហ្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្រុតដី ដែលបានកើតឡើងនៅកោះ Lombok ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យទី ១៧ កន្លងទៅនេះ។ របាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា ភ្លាមៗក្រោយកើតហេតុគេអាចជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរបាក់បែកបានត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ហើយគេជឿថា មនុស្សទាំង ៣៥ នាក់ ដែលកំពុងបាត់ខ្លួននោះអាចនៅមានជីវិតនៅឡើយ ហើយពួកគេគ្រាន់តែជាប់នៅក្នុងគំនរបាក់បែកតែប៉ុណ្ណោះ។

ក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះ មានភ្ញៀវទេសចរណ៍ម៉ាឡេស៊ី ២២ នាក់ ហើយក្រៅពីនោះជាភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌូនេស៊ីទាំងអស់។ សូមបញ្ជាក់ថា កោះ Lombok បានកើតមានគ្រោះបាក់ស្រុតដី និងរញ្ជួយដីជាញឹកញាប់ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ ហើយគិតមកទល់នឹងពេលនេះគ្រោះធម្មជាតិនៅលើកោះ Lombok បានសម្លាប់មនុស្សសរុប ៥៨ នាក់ របួសនិងត្រូវជម្លៀសខ្លួន ៤ ០០០ នាក់ ហើយបើគិតពីការខូចខាតវិញអាចមានតម្លៃរហូតដល់ ៥០០ លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia