ការសិក្សាមួយបានរកឃើញថា អ្នកមានទម្លាប់ទៅណាមកណាយឺត គឺជាមនុស្សមានអាយុវែង និងជោគជ័យច្រើន
ជាទូទៅការទៅណាមកណាយឺតពេលត្រូវបានគេចាត់ទុកថាជាទម្លាប់អាក្រក់មួយ ហើយបុគ្គលណាមួយ ដែលមានទម្លាប់អវិជ្ជមានមួយនេះគឺត្រូវបានគេគិតថា ជាមនុស្សដែលនៅឆ្ងាយពីភាពជោគជ័យផងដែរ។ យ៉ាងណាក្តី ការសិក្សាមួយដែលបានសិក្សាទៅលើសុខភាពផ្លូវចិត្តរបស់បុគ្គល ដែលតែងតែបង្ហាញខ្លួនយឺតពេល បែរជារកឃើញចំណុចវិជ្ជមានក្នុងរយៈពេលវែងយ៉ាងច្រើននៃទម្លាប់អាក្រក់មួយនេះទៅវិញ។ ការសិក្សាដែលបានធ្វើឡើងនៅក្នុងសាលកវិទ្យាល័យ Harvard Medical School បានរកឃើញថា អ្នកដែលមានទម្លាប់ទៅណាមកណាយឺតពេល គឺជាមនុស្សដែលគ្មានការព្រួយបារម្ភច្រើន គ្មានសម្ពាធផ្លូវចិត្ត ហើយពួកគេមានគំនិតសុទិដ្ឋិនិយមច្រើន ឧទាហរណ៍ដូចជាករណីដែលពួកគេមកយឺតអីចឹងក៏ពួកគេតែងគិតថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ហើយរឿងល្អៗនៅតែអាចកើតមានចំពោះពួកគេដដែល។
ការសិក្សាបានរកឃើញទៀតថា បុគ្គលដែលមានទម្លាប់រស់នៅដោយគ្មានសម្ពាធផ្លូវចិត្ត និងមានគំនិតសុទិដ្ឋិនិយមច្រើនអាចមានអាយុវែងជាងមនុស្ស ដែលសម្ពាធផ្លូវចិត្តច្រើន ហើយលទ្ធផលវិជ្ជមាននេះអាចនឹងត្រូវបានគេមើលឃើញក្នុងរយៈពេលចន្លោះពី ១៥ ទៅ ៤០ ឆ្នាំខាងមុខទៀត។ បើយើងភ្ជាប់លទ្ធផលនៃការសិក្សាមួយនេះទៅនឹងទីស្រ្តីសុខភាព ដែលតែងអះអាងថា អ្នកមានសុខភាពល្អជាមនុស្សមានឱកាសទទួលបានភាពជោគជ័យខ្ពស់នោះ គេអាចទាញសេចក្តីសន្មត់មួយថា អ្នកមានទម្លាប់យឺតពេល អាចមានអាយុវែង (សុខភាពល្អ) និងមានភាពជោគជ័យច្រើនក្នុងរយៈពេលវែងផងដែរ។ យ៉ាងណាក្តី សូមកុំឲ្យទម្លាប់យឺតយ៉ាវក្នុងលក្ខណៈជ្រុលហួសហេតុរបស់លោកអ្នក មកបំផ្លាញភាពជោគជ័យនៃកិច្ចការផ្សេងៗក្នុងពេលបច្ចុប្បន្នរបស់លោកអ្នកឲ្យសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz