មន្ត្រីអាកាសយានដ្ឋាន បញ្ជាក់ថា អ្នកដំណើររបស់ Singapore Airlines ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ចលាចលលើអាកាស ជាបុរសជនជាតិអង់គ្លេស ដោយសារការគាំងបេះដូង
យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត និងជាច្រើនអ្នកទៀតរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ជាជនជាតិអង់គ្លេស មានឈ្មោះថា Geoffrey Kitchen មានដើមកំណើតនៅក្រុង Bristol ប្រទេសអង់គ្លេស។
បើតាមការបញ្ជាក់ពីមន្ត្រីអាកាសយានដ្ឋាន បុរសដែលបាត់បង់ជីវិតមានអាយុ ៧៣ ឆ្នាំបានស្លាប់ដោយសារគាំងបេះដូង ខណៈភរិយារបស់លោកឈ្មោះថា Linda ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ ជាមួយគ្នានេះដែរ បើតាមកាសែត The Sun បានរាយការណ៍ដោយដកស្រង់សំដីអ្នកជិតខាងរបស់ពួកគេថា គូស្នេហ៍មួយគូនេះ បានរៀបគម្រោង “ថ្ងៃសម្រាកដ៏ធំ” ទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន និងអូស្ត្រាលី។
គួរបញ្ជាក់ផងដែរថា ភាពចលាចលយ៉ាងធ្ងន់ធ្ងរបានវាយប្រហារជើងហោះហើរលេខ SQ321 របស់ក្រុមហ៊ុន Singapore Airlines ទៅកាន់ប្រទេសសិង្ហបុរី ពីអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងអ្នកដំណើរជាច្រើននាក់ទៀតរងរបួស។ FlightRadar24 បាននិយាយថា មានព្យុះផ្គររន្ទះ នៅពេលដែលជើងហោះហើរ SQ321 ជួបប្រទះនឹងភាពច្របូកច្របល់លើអាកាសនៃផ្ទៃទន្លេ Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា នៅម៉ោងប្រហែល ២ និង១៩ នាទីរសៀល (ម៉ោងក្នុងស្រុក)។ នៅពេលនោះ អ្នកបើកយន្តហោះ បានប្រកាសអាសន្នផ្នែកវេជ្ជសាស្ត្រ ហើយយន្តហោះត្រូវបានបង្វែរទៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ដោយមានអ្នកដំណើរចំនួន ២១១នាក់ ក្នុងនោះមានជនជាតិសិង្ហបុរីចំនួន ៤១នាក់ និងសហសេវិកសរុប១៨នាក់៕




អត្ថបទ៖ លីនី
ប្រភព៖ The Straits Times