រកឃើញមីកំប៉ុង មីកញ្ចប់ និងទំនិញមួយចំនួនទៀតខូចគុណភាព និងហួសកាលបរិច្ឆេទ
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយបានសហការជាមួយ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតមួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា៖ មីម៉ាម៉ាកំប៉ុង ៦កំប៉ុង ស្មើនឹង ៣៦០ក្រាម, ទឹកអាស៊ីតអាសេទិចខាប់ ៤ដប ស្មើនឹង ៧៥០ក្រាម, មីកញ្ចប់វ៉ៃៗ ១០កញ្ចប់ ស្មើនឹង ៥៥០ក្រាម, ស្រាបៀរ ម៉ាកU ១២ដប ស្មើនឹង ៣ ៨៤០ក្រាម សរុបចំនួន ៥.៥ គីឡូក្រាម ។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល


