JCI Cambodia ដឹកនាំគណៈប្រតិភូជាសមាជិកពី ១៥ប្រទេស ទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គរ
- BY
- Liny Chan
- June 12, 2024
ប្រតិភូជាសមាជិកពីជាង ១៥ប្រទេសរបស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិបានធ្វើដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារអង្គរក្នុងគោលបំណងសិក្សាស្វែងយល់អំពីលទ្ធភាពនានាក្នុងការគៀងគរថវិកាជំនួយជួយដល់មន្ទីរពេទ្យ។
អង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឬហៅកាត់ថា “JCI Cambodia” បានដឹកនាំគណៈប្រតិភូជាសមាជិកពីជាង១៥ប្រទេសនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធ្វើដំណើរទស្សនកិច្ចទៅមន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប ដើម្បីធ្វើការសិក្សាស្វែងយល់អំពីលទ្ធភាពនិងកិច្ចសហការក្នុងការកៀរគរថវិកាបន្ថែម ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់នូវការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លោក លី ឧត្តម ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានថ្លែងថា៖ “ដោយមើលឃើញពីបុព្វហេតុដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយសង្រ្គាះអាយុជីវិតកុមារកម្ពុជារាប់សែននាក់ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ ទើបយើងបានអញ្ជើញបណ្តាប្រទេសជាសមាជិកឲ្យមកសិក្សាស្វែងយល់បន្ថែមអំពីសកម្មភាព និងស្ថានភាពរបស់មន្ទីរពេទ្យ ក្នុងគោលបំណងឲ្យពួកគេមានគំនិតបង្កើតជាគម្រោងឬកិច្ចសហការនានាក្នុងការកៀរគរការគាំទ្រ និងជំនួយជាថវិកា ដើម្បីជួយឲ្យប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរកាន់តែមាននិរន្តរភាព។”
សកម្មភាពទស្សបកិច្ចនៅមន្ទីរពេទ្យរួមមាន ការស្វែងយល់បន្ថែមអំពីប្រតិបត្តិការរបស់មន្ទីរពេទ្យ និងចុះសួរសុខទុក្ខកុមារដែលមានជំងឺធ្ងន់ធ្ងរជាដើម។ គណៈប្រតិភូក៏បានធ្វើការសន្ទនាជាមួយអាណាព្យាបាលដែលកូនរបស់ពួកគេមានជំងឺមហារីកគ្រប់ឈាម និងបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះជីវិតកុមារ និងធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើង។ ដំណើរទស្សនកិច្ចនេះ នឹងជាចំណុចចាប់ផ្តើមមួយក្នុងការផ្សារភ្ជាប់មន្ទីរពេទ្យកុមារអង្គរ ទៅនឹងម្ចាស់ជំនួយអន្តរជាតិ ក៏ដូចជាបណ្តាប្រទេសជាសមាជិកផ្សេងៗទៀតរបស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិដែលមានសក្តានុពល ហើយនេះនឹងក្លាយជាប្រភពជំនួយមួយបន្ថែមទៀតទៅដល់មន្ទីរពេទ្យកុមារអង្គរដើម្បីបន្តបេសសកម្មរបស់ខ្លួនក្នុងការសង្រ្គោះកុមារនៅកម្ពុជាជានិច្ចនិរន្តរតទៅ។
អ្នកស្រី ហូលី ស្មីត ប្រធានការិយាល័យរៃអង្គាសមូលនិធិនៃមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា”ពួកយើង ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលទទួលស្វាគមន៍ ប្រតិភូនៃសភាយុវពាណិជ្ជករអន្តរជាតិ ទាំងអស់ និងជាពិសេសសូមថ្លែងអំណរគុណដល់ លោក លី ឧត្តម ជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានដឹកនាំប្រតិភូទាំងអស់នេះ។ មន្ទីរពេទ្យកុមារអង្គរពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីសំណាក់អង្គភាពជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីរក្សានូវការផ្តល់សេវាសុខភាពដល់កុមារកម្ពុជា ហើយពួកយើងពិតជាមានកិត្តិយសបំផុតដែលប្រធាននៃសភាយុវពាណិជ្ជករអន្តរជាតិទាំងអស់នោះ បានឆ្លៀតឱកាសក្នុងអំឡុងពេលដ៏មមាញឹក មកធ្វើទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គររបស់យើង ព្រមទាំងផ្តល់ឱកាសនូវការបង្កើតទំនាក់ទំនងសហការយ៉ាងច្រើនសម្រាប់មន្ទីរពេទ្យ”។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុងពេលមហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលបានរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ហើយដំណើរទស្សនកិច្ចនេះជាកម្មវិធីសំខាន់មួយក្នុងចំណាមកម្មវិធីសំខាន់ៗផ្សេងទៀតរបស់មហាសន្និបាតអំពីភាពវិជ្ជមានរបស់ JCI Cambodia មកលើសហគមន៍។ របាយការណ៍បង្ហាញថា ក្នុងរយៈពេលត្រឹមតែ៦ខែ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការគាំទ្រ និងព្យាបាលដល់កុមារកម្ពុជាប្រមាណជា ៦.០០០នាក់។
អំពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឬហៅកាត់ថា “JCI” គឺជាសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ជាមួយបេសកកម្ម ដើម្បីផ្តល់ឱកាសអភិវឌ្ឍន៍និងពង្រឹងសិទ្ធិអំណាចដល់យុវជនក្នុងការធ្វើឲ្យមានភាពផ្លាស់ប្តូរជាវិជ្ជមាន។ បច្ចុប្បន្នJCI Cambodiaមានសាខាចំនួន៦ ដែលមានសមាជិកប្រមាណជាង ៣០០នាក់ បណ្តាញសមាជិកជាង១ពាន់នាក់ និងប្អូនៗសិស្សនិស្សិតស្ម័គ្រចិត្តក្នុងគម្រោងជាច្រើនរយនាក់ផ្សេងទៀត។
អំពីមន្ទីរពេទ្យកុមារអង្គរ
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញមួយនៅក្នុងតំបន់ខេត្តសៀមរាប បង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដើម្បីផ្តល់នូវសេវាសុខភាព មានទាំងការពិនិត្យ ព្យាបាល ថែទាំសុខភាពទូទៅ និង ឯកទេស ប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដោយឥតគិតកម្រៃ ដល់កុមារកម្ពុជាប្រមាណជាង ២ លាន ៥ សែនករណី។
សម្រាប់ព័ត៌មានបន្ថែម៖
កញ្ញា ឡ លីហួរ លេខាធិកាថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា
លេខទូរសព្ទ៖ 089 987 087
អ៊ីម៉ែល៖ jci.cambodia@gmail.com
- Share This Post: