សង្គម

ល្អមែនទែន! ប្អូនៗនិស្សិតចំនួន១០០នាក់ ស្ម័គ្រចិត្ត ចូលរួមជួយផលិតសាប៊ូស្ពៃក្រញាញ់ ដើម្បីគាំទ្រកសិផល និងផលិតផលខ្មែរ

BY
Khmernote Media
July 15, 2024

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើសហគ្រិនខ្មែរលោកស្រី នុត សម្ផស្ស ដែលកែច្នៃផលិតផលថែរក្សាស្បែកផលិតចេញពីស្ពៃក្រញាញ់កសិករខ្មែរ ឱ្យក្លាយជា សាប៊ូដុំលាងមុខ, សាប៊ូទឹកដុសខ្លួនធម្មជាតិ និង សាប៊ូកក់សក់ ដែលផលិតផលទាំងនេះ ចេញពីរោងចក្រកូនខ្មែរ ដែលមានស្តង់ដា ISO, GMP & HALAL ក្នុងនោះឃើញមាននិស្សិតកម្ពុជាចំនួន ១០០នាក់ ចាប់អារម្មណ៍ និងបានស្ម័គ្រចិត្តមកជួយផលិតសាប៊ូស្ពៃក្រញាញ់នេះផងដែរ។

បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ នុត សម្ផស្ស / Nut Samphois នៅថ្ងៃទី១៣ ខែកក្កដានេះ បានបញ្ជាក់ថា៖ «និស្សិតចំនួន ១០០នាក់ស្ម័គ្រមកជួយផលិតសាប៊ូស្ពៃ ថ្ងៃនេះនាងខ្ញុំរំភើបចិត្តឥតឧបមាដែលមានប្អូនៗនិស្សិតដែលគាំទ្រកសិផល និងផលិតផលខ្មែរបានស្ម័គ្រមកជួយផលិតសាប៊ូចេញពីស្ពៃក្រញាញ់ខ្មែរចំនួន ១០០នាក់។ សកម្មភាពនេះបញ្ជាក់ឱ្យឃើញថា យុវជនជាទំពាំងរបស់ខ្មែរយើងពិតជាស្មារតីស្រឡាញ់ គាំទ្រ កសិផល និងផលិតផលជាតិណាស់ ទើបលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយយើងខ្ញុំ។ »

គណនីហ្វេសប៊ុកខាងលើ បានបន្តថា ការចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាភារកិច្ចរបស់យើងគ្រប់គ្នាស្របពេលនេះផងដែរ នាងខ្ញុំក៏សូមលំអោនកាយសូមអភ័យទោសពីសំណាក់បងប្អូនដែលយើងខ្ញុំឆ្លើយតបសារយឺតយាវ ដោយសារយើងខ្ញុំមិនមានបទពិសោធធ្វើការលើការបញ្ជាទិញតាមអនឡាញ។ យើងខ្ញុំកំពុងព្យាយាមឆ្លើយតបសាររបស់បងប្អូនអោយបានគ្រប់គ្នានៅក្នុងថ្ងៃនេះ និងស្អែក ព្រោះមានប្អូនៗនិស្សិតមកជួយ។ នាងខ្ញុំក៏សូមគោរពអរគុណដល់បងប្អូនខ្មែរយើងទាំងអស់ដែលបង្ហាញពីឆន្ទៈគាំទ្រ ផលិតផលកសិផល និងផលិតផលខ្មែរ។ ទឹកចិត្តរបស់បងប្អូននឹងជួយជំរុញបងប្អូនកសិករ និងផលិតករខ្មែរអោយកាន់តែខិតខំកែច្នៃ ផលិតនូវផលិតខ្មែរល្អៗបន្ថែមទៀត។ តំណាងអោយអិលអេសវី នាងខ្ញុំសូមថ្លែងអំណរគុណដល់ប្អូនៗនិសិ្សតដែលបានចូលរួមយ៉ាងសកម្មជាមួយអិលអេសវី ដើម្បីផលិតសាប៊ូអោយទាន់ពេលវេលា «ខ្មែររួមគ្នា ខ្មែរធ្វើបាន»

សូមបញ្ជាក់ថា រាល់ផលិតផលផលិតចេញពីស្ពៃក្រញាញ់ធម្មជាតិនេះ គឺផលិតដោយរោងចក្រកូនខ្មែរ អិលអេសវី អ៊ិនដាស់ស្ទ្រី ដែលមានស្តង់ដា ISO, GMP & HALAL រួមមាន៖

សាប៊ូដុំលាងមុខ៖ សាប៊ូដុំស្ពៃក្រញាញ់សម្បូរទៅដោយវីតាមីន A, C, និង E សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា beta-carotene, flavonoids និង polyphenols ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់ផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន។ ប្រើជាប្រចាំក្នុងការថែរក្សាស្បែក សារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក។

សាប៊ូទឹកដុសខ្លួនធម្មជាតិ៖ ត្រូវបានផ្សំឡើងពី ស្ពៃក្រញាញ់ និងអង្ករដំណើបដែលអាចជ្រាបចូលស្រទាប់ស្បែកយ៉ាងជ្រៅ ដើម្បីចិញ្ចឹមស្បែកបានល្អរាល់ពេលអ្នកងូតទឹក។ ប្រើជាប្រចាំថ្ងៃ សារធាតុចិញ្ចឹមរបស់ស្ពៃ និងអង្ករដំណើបនឹងជួយបង្កើតកោសិកាស្បែកថ្មី ពីស្រទាប់ខាងក្នុងដែលធ្វើអោយស្បែកសស្អាត។

សាប៊ូកក់សក់៖ រូបមន្តដ៏ពិសេស ជាមួយនឹងសារធាតុផ្សំដ៏ល្អពីស្ពៃក្រញាញ់ ផ្សំជាមួយប្រេងដូងដែលបន្ទំតាមបែបធម្មជាតិ និងទឹកឃ្មុំព្រៃ ដែលជួយអោយសក់កាន់តែរឹងមាំ សរសៃសក់ក្រាស់មានទម្ងន់ និងភ្លឺរលោងដូចសរសៃសូត្រ ថែមទាំងជួយរក្សាសំណើមធម្មជាតិរបស់សក់ ដើម្បីការពារសក់ស្ងួត បែកចុង និងថែបំប៉នពីគល់រហូតដល់ចុងសក់។ ការរួមបញ្ចូលគ្នារវាងសារធាតុផ្សំធម្មជាតិដ៏ល្អជាច្រើន ទើបសាប៊ូស្ពៃ សម្អាតស្បែកក្បាលបានស្អាតល្អ និងធ្វើអោយអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ ៕

ប្រភព៖ នុត សម្ផស្ស / Nut Samphois

Share This Post: