ខឹងឪពុកមិនអោយលេងហ្គេម League of Legends កូនប្រុសចិត្តឆៅលោតពីលើផ្ទះសម្លាប់ខ្លួន
តៃវ៉ាន់៖ ក្មេងម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្ទះ ព្រោះតែខឹងនឹងឪពុករបស់គេហាមមិនអោយលេងហ្គេម League of Legends។ ក្មេងប្រុសរងគ្រោះត្រូវបានសារព័ត៌មាន WORLDOFBUZZ រាយការណ៍ថា មានឈ្មោះ Cheng មានអាយុ ១៥ ឆ្នាំ ជាសិស្សពូកែនៅក្នុងវិទ្យាល័យមួយកន្លែងនៅកោះតៃរ៉ាន់។ បើតាមសំដីរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មួយរយៈក្រោយនេះកូនរបស់គាត់ហាក់វក់នឹងហ្គេមខ្លាំងណាស់ រហូតភ្លេចរៀនភ្លេចសូត្រអស់ហើយ ខុសកាលពីមុនដែលគេធ្លាប់តែជាសិស្សពូកែ និងខិតខំរៀនជាខ្លាំង។
ដោយសង្កេតឃើញឥរិយាបថអវិជ្ជមាននេះហើយ ទើបឪពុករបស់គេតែងដាស់តឿន និងដាក់កំហិតរូបគេជាខ្លាំង ចំពោះការលេងហ្គេមនេះ។ ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុ ដែលនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការប្រលងរបស់គេ ក៏ក្មេងរងគ្រោះនៅតែមិនខំរៀនដែរ ដោយគេគិតតែពីលេងហ្គេមរហូត។ ឃើញដូចនេះនៅម៉ោងប្រមាណជា ៩ និង ៣០ នាទីយប់នៃថ្ងៃកើតហេតុ ឪពុកបានចូលទៅក្នុងបន្ទប់របស់គេហើយឃើញក្មេងប្រុសរងគ្រោះនៅតែលេងហ្គេមទៀត គាត់ក៏សម្រេចទៅដកឌុយកុំព្យូទ័រចោលតែម្តង ខណៈហ្គេមកំពុងតែដំណើរការបានពាក់កណ្តាលផ្លូវទៅហើយ។
ពេលនោះជំលោះរវាងឪពុកកូនក៏បានកើតឡើងយ៉ាងខ្លាំង ហើយបន្តិចក្រោយមកនៅម៉ោងប្រមាណជា ១០ និង ៣០ នាទីយប់ ក្មេងប្រុសរងគ្រោះក៏បានឡើងទៅលើដំបូងផ្ទះហើយលោតសម្លាប់ខ្លួនតែម្តង។ មុនពេលដែលគេសម្លាប់ខ្លួន គេក៏បានសរសេរសំបុត្រមួយនៅក្នុងហោប៉ាវខោរបស់គេថា សូមប្រគល់លុយ (ដែលមាននៅក្នុងហោប៉ាវខោ) ឲ្យទៅ Wu (ឈ្មោះមិត្តរបស់គេម្នាក់)ទាំងអស់។ អគុណ Wu សម្រាប់មិត្តភាពដ៏ល្អក្នុងរយៈពេល ៩ ឆ្នាំមកនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz


