កំពុងតែគេងលក់ ស្រាប់តែត្រូវគេលួចទូរស័ព្ទមកស្កេនមុខដើម្បីដោះសោរ និងលួចផ្ញើលុយចេញជាង ១ពាន់ដុល្លារអាមេរិក
ចិន៖ បុរសម្នាក់ត្រូវបានមិត្តរួមបន្ទប់លួចផ្ញើរលុយចេញពីទូរស័ព្ទរបស់គាត់អស់ ១,៥០០ ដុល្លារ តាមរយៈការលួចយកទូរស័ព្ទរបស់គាត់ទៅស្កេនមុខគាត់ដើម្បីដោះសោរទូស័ព្ទខណៈពេលដែលគាត់កំពុងតែគេងលក់។ ហេតុការណ៍នេះកើតឡើងនៅក្នុងបន្ទប់ស្នាក់នៅរួមគ្នាមួយសម្រាប់បុគ្គលិកបម្រើការងារក្នុងភោជនីយដ្ឋានមួយនៅក្នុងក្រុង Ningbo ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។
ក្រោយពេលបាត់លុយបុរសជនរងគ្រោះបានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតរបស់ប៉ូលិបានបង្ហាញថា នៅក្នុងយប់នៃថ្ងៃកើតហេតុមិត្តដែលគេងនៅក្នុងបន្ទប់ជាមួយបុរសជនរងគ្រោះម្នាក់ បានលួចយកទូរស័ព្ទរបស់គាត់ទៅស្កេនមុខរបស់គាត់ដើម្បីដោះសោរទូរស័ព្ទខណៈពេលដែលគាត់កំពុងតែគេងលក់ បន្ទាប់ពីបានដោះសោរទូរស័ព្ទរួច ជនខិលខូចបានប្រើគណនី WeChat របស់ជនរងគ្រោះ ដើម្បីផ្ញើរលុយចេញទៅកាន់គណនីរបស់គេចំនួន ១, ៥០០ ដុល្លារ។
ពេលនេះជនខិលខូចកំពុងតែត្រូវបានប៉ូលិសឃាត់ ដើម្បីឲ្យទទួលទោសតាមផ្លូវច្បាប់ និងសងលុយទៅឲ្យបុរសជនរងគ្រោះវិញ។ ជុំវិញករណីនេះគេមិនបានបញ្ជាក់ទេថា ទូរស័ព្ទរបស់ជនរងគ្រោះជាទូរស័ព្ទម៉ាកអ្វីនោះ តែគេគ្រាន់តែឲ្យដឹងថា ទូរស័ព្ទនោះផលិតនៅក្នុងប្រទេសចិនមានតម្លៃត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ហើយវាអាចស្កេនមុខមនុស្សបានបើទោះជាពេលកំពុងបិទភ្នែកក៏ដោយ៕

អត្ថបទ៖ភក្តី
ប្រភព៖shanghai