កីឡា

ក្រុមយក្សអេស៉្បាញពីរកំពុងដណ្តើមគ្នាទិញយកកីឡាករវ័យក្មេង Luka Jovic ពី Frankfurt ប្រទេសអាឡឺម៉ង់

BY
Khmernote Media
April 20, 2019

ក្លឹបអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid ត្រូវបានជួបគ្នាជាច្រើនលើកច្រើនសារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មិនថាពានធំតូច ឬពាននៅក្នុងទ្វីបអឺរ៉ុបនោះទេ ។ ហើយឥឡូវនេះក្លឹបទាំងពីរនេះកំពុងប្រឆាំងគ្នាម្ដងទៀតនៅលើទីផ្សារដោះដូរកីឡាករនៅក្នុងរដូវក្តៅខាងមុខនេះ ប៉ុន្តែលើកនេះក្រុមយក្សនៅទីក្រុង Madrid អាចឈ្នះលើកនេះ។ បើយោងទៅតាមព័ត៌មានរបស់ប្រទេសអេស៉្បាញបានអោយដឹងថា Real Madrid បានយកឈ្នះក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការចុះកុងត្រានាំយកកីឡាករ Luka Jovicពីក្លឹបនៅអាឡឺម៉ង់ Eintracht Frankfurt ។ គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិសឺប៊ីរូបនេះកំពុងតែឡើងជើងខ្លាំង ហើយអាចនឹងប្តូរមកកាន់ពហុកីឡាដ្ឋាន Bernabue នៅក្នុងពេលឆាប់ៗនេះ។

នាពេលថ្មីនេះ Frankfurt ទើបនឹងប្រកាសថា បានចុះកុងត្រាជាមួ Jovic ជាកីឡាករពេញសិទ្ធរបស់ខ្លួន។ គួរអោយដឹងផងដែរថាកីឡាករវ័យ ២១ឆ្នាំរូបនេះបានចំនាយពេល១រដូវកាលកន្លះជាមួយក្លឹបអាឡឺម៉ង់មួយនេះ បន្ទាប់ពីបានខ្ចីជើងពីក្លឹប SL Benfica ប្រទេសប៉ុកទុយហ្គាល។ ខណៈពេលនេះដែរ Jovic បានលក់ទៅអោយក្លឹបនៅអាឡឺម៉ង់ក្នុងតំលៃ ៦លានអឺរ៉ូ ហើយកំពុងសម្លឹងរកលក់វិញដើម្បីយកចំនេញសម្រាប់ក្លឹប។ ហើយនៅពេលនេះ តំលៃខ្លួនរបស់ Jovic អាចនឹងលក់ចេញក្នុងចន្លេាះតំលៃពី ៥០លានអឺរ៉ូ ទៅ ៦០លានអឺរ៉ូ។ គួរបញ្ជាក់ផងដែរថា Jovic រកបាន ២៥គ្រាប់សម្រាប់ក្លឹបរបស់គាត់នៅក្នុងរដូវកាលនេហ ហើយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទីពីរ ទាំងនៅក្នុងលីគកំពូលរបស់អាឡឺម៉ង់ និងនៅក្នុងពានអឺរ៉ុបលំដាប់ទីពីរផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportsAsia

Share This Post: