រថយន្ត

ការសិក្សាបង្ហាញថា អ្នកអង្គុយនៅកៅអីខាងក្រោយក្នុងរថយន្តអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងអ្នកអង្គុយនៅកៅអីមុខ

BY
Khmernote Media
May 6, 2019

ការសិក្សាមួយបានរកឃើញថា អ្នកដែលអង្គុយនៅកៅអីខាងក្រោយក្នុងរថយន្តអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាង អ្នកដែលអង្គុយនៅកៅអីផ្នែកខាងមុខ ក្នុងករណីដែលរថយន្តមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រង Insurance Institute for Highway Safety ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាបានពន្យល់ថា ក្នុងករណីដែលរថយន្តមានគ្រោះថ្នាក់ចរាចរណ៍អ្នកដែលអង្គុយនៅកៅអីខាងមុខហាក់មានការប៉ើងចេញពីកៅអីមិនខ្លាំងនោះទេ ព្រោះតែមានខ្សែក្រវ៉ាត់ការពាររឹងមាំ ហើយម្យ៉ាងទៀតអ្នកនៅកៅអីមុខថែមទៀតមានពោងសុវត្ថិភាពការពារក្បាលទៀតផង។

ផ្ទុយទៅវិញអ្នកអង្គុយនៅកៅអីខាងក្រោយនឹងខ្ទាតចេញពីកៅអីក្នុងកម្លាំងខ្លាំង និងអាចបោកក្បាលធ្ងន់ធ្ងរជាងអ្នកអង្គុយនៅខាងមុខ។ ការសិក្សាក៏បានទទួលស្គាល់ដែរថា ក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរមួយចំនួនអ្នកអង្គុយនៅខាងមុខក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ តែជាទូទៅគេនៅតែរកឃើញថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គឺអ្នកអង្គុយនៅកៅអីខាងក្រោយ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរខ្ពស់ជាងដដែល។ លោកអ្នកអាចទស្សនាវីដេអូបង្ហាញពីការប្រៀបធៀបគ្រោះថ្នាក់សម្រាប់អ្នកអង្គុយកៅអីមុខ និងក្រោយនៃរថយន្តដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: