អាជ្ញាធរក្រុងសេអ៊ូល នឹងពិន័យអ្នកផ្តល់ចំណីឱ្យសត្វព្រាបនៅតាមទីសាធារណៈជាប្រាក់រហូតដល់ជិត ៧០០ដុល្លារ
កូរ៉េខាងត្បូង៖ សាលាក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ចេញនូវបទបញ្ហាដ៏តឹងរឹងមួយគឺហាមឃាត់ពលរដ្ឋមិនឱ្យផ្តល់ចំណីទៅកាន់សត្វព្រាបនៅតាមតំបន់មួយចំនួនជាដាច់ខាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែមេសា។ បទបញ្ហាហាមឃាត់ខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមខែមិថុនា ឆ្នាំ២០២៥ តទៅ ខណៈអ្នកបំពានបទបញ្ហានេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ជិត ៧០០ដុល្លារឯណោះ។

ប្រភពខាងលើបានបន្តថា ការសម្រចដាក់ចេញបទបញ្ហាខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីរក្សាអនាម័យនៅតាមទីសាធារណៈ ដ្បិតសកម្មភាពផ្តល់ចំណីឱ្យសត្វព្រាបគឺជាការទាក់ទាញឱ្យមានសត្វព្រាបកាន់តែច្រើនហើរមកកាន់ទីសាធារណៈ ហើយសត្វព្រាបទាំងនោះតែងជុះអាចម៍បង្កឱ្យមានភាពកង្វក់នៅតាមទីសាធារណៈនិងតាមអគារជាច្រើនផងដែរ។ យ៉ាងណាក្តី បទបញ្ជាខាងលើនេះនឹងត្រូវអនុវត្តនៅក្នុងទីតាំងចំនួន ៣៨កន្លែងប៉ុណ្ណោះនៅក្នុងទីក្រុងសេអ៊ូល ដូចជាឧទ្យានជាតិ មាត់ទន្លេ សួនកម្សាន្ត និងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត។ ចំពោះការពិន័យវិញគឺមាន ៣ កម្រិត ដោយការប្រព្រឹត្តខុសលើកទី ១ នឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ២០០,០០០វ៉ុន (១៣៥ ដុល្លារ) ហើយបើបុគ្គលដដែលប្រព្រឹត្តខុសម្តងទៀតជាលើកទី ២ នឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥០០,០០០វ៉ុន (៣៣៧,៥ ដុល្លារ) ខណៈការចាប់បានលើកទី ៣ នឹងត្រូវពិន័យរហូតដល់ ១លានវ៉ុន (៦៧៥ ដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time