កម្ពុជាបន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធី
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កម្ពុជាសូមបន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយមួយដ៏ត្រឹមត្រូវ មិនលម្អៀង និងយុត្តិធម៌ ព្រមទាំងនាំមកនូវសន្តិភាព រួមនឹងភាពរីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ការអំពាវនាវយ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវឱ្យភាគីថៃប្រគល់មកវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីទាហានកម្ពុជាទាំងនេះត្រូវបានទាហានថៃចូលមកចាប់ខ្លួនពួកគេដោយខុសច្បាប់ នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយគិតមកដល់ពេលនេះគឺមានរយៈពេល១៧ថ្ងៃហើយ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិនឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកសមាជិកនៃគ្រួសាររបស់យើងណាម្នាក់ចោលជាដាច់ខាត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាកំពុងតែរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនោះ៕
ប្រភព៖ ក្រសួងព័ត៌មាន