ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ និងច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

    BY SOMATEY August 18, 2025
    រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ និងច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ និងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិង យន្តការច្បាប់អន្តរជាតិ។

    ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ដូច្នេះ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ក្នុងនាមជាប្រទេសដែលបានពុះពារនិងលះបង់គ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្រ្គាមនិងស្វែងរកសន្តិភាពបានដោយលំបាកតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តចាត់ទុកសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

    ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិឱ្យបានជ្រាបពីជំហរច្បាស់លាស់ម៉ឺងម៉ាត់ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុង ភូត្រាចាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនិងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ហើយកិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ខែកក្កដាដដែល។

    កម្ពុជាក៏គោរពយ៉ាងម៉ឹងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ(GBC) កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: