ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុប្រធានទី២ រដ្ឋសភា ស្នើដល់ភាគីចិនគាំទ្រ និងកៀរគរដល់ការវិនិយោគពីប្រទេសចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង

    BY SOMATEY August 18, 2025
    អនុប្រធានទី២ រដ្ឋសភា ស្នើដល់ភាគីចិនគាំទ្រ និងកៀរគរដល់ការវិនិយោគពីប្រទេសចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសំណូមពរទៅដល់លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន ក្នុងនាមជានាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន ជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឧ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

    ឯកឧត្តម អនុប្រធានទី២រដ្ឋសភាបានលើកសំណូមពរបែបនេះ ក្នុងឱកាស ឯកឧត្តមបានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដាវី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះគណៈប្រតិភូនៃវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រចិន ព្រមទាំងបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។

    ឯកឧត្តម បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

    ឯកឧត្តម វង សូត បានជម្រាបជូនគណៈប្រតិភូចិនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសអំណោយផលនៃវិស័យកសិកម្ម ដែលអ្នកវិនិយោគចិនមិនគួរមើលរំលង។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា វិស័យកសិកម្មកម្ពុជានាពេលសព្វថ្ងៃនេះ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ដោយសារមានការគាំទ្រពីមិត្តចិន ទាំងផ្នែកបច្ចេកទេសនិងទីផ្សារផងដែរ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២មក បាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

    លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន មានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជា ដូចជាផ្ទះទីពីររបស់លោកដែរ។ ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សៀង ហៃ លោកបណ្ឌិត ហ៊ូ យ៉ុងអិន បានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះ ដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

    លោកសាស្រ្តាចារ្យ បានសន្យាថា នឹងពាំនាំសំណូមពរនិងអនុសាសន៍របស់ ឯកឧត្តម វង សូត ដើម្បីជម្រាបជូនទៅដល់អ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។

    ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ លោកសាស្ត្រាចារ្យ ហ៊ូ យ៉ុងអិន និងថ្លែងអំណរគុណជាថ្មីដល់មិត្តចិន ចំពោះការគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ការសម្របសម្រួលនេះ គឺពិតជាបានជួយស្វែងរកសន្តិភាពមកវិញដល់កម្ពុជា ក៏ដូចជាជួយសង្គ្រោះអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើន និងការខាតបង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: