ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ៥៣គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

    BY SOMATEY August 18, 2025
    សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ៥៣គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥។

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនគ្រួសារកងទ័ពជួរមុខគ្រប់ពលវេលា ដោយមិនទុក្ខឱ្យយោពលណាម្នាក់ជួបការលំបាកហើយទុក្ខចោលនោះឡើយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណចំពោះវីរភាពរបស់កងទ័ពកម្ពុជា ដោយបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីយ៉ាងមោះមុត ក្នុងការតស៊ូប្រយុទ្ធប្តូរផ្តាច់ជាមួយកងទ័ពឈ្លានពានថៃរយៈពេល ៥ថ្ងៃកន្លងមកនេះ។

    សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើសុំឱ្យក្រុមគ្រួសារដែលនៅជួរក្រោយ ដែលជាភរិយា ឬម្តាយរបស់វីរកងទ័ពជួរមុខ ត្រូវថែទាំសុខភាពឱ្យបានល្អ រក្សាភាពហ្នឹងហ្នរ និងមានភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ពិសេសជីវភាព គ្រួសារកងទ័ព ព្រោះថាភរិយា ឬម្តាយក៏ជាតួអង្គដ៏សំខាន់ក្នុងការជំរុញ និងលើកទឹកចិត្តដល់ ប្តី ឬកូន ដែលជាអ្នកឈរជើងនៅជួរមុខនៃបន្ទាត់ព្រំដែនកម្ពុជា-ថៃឱ្យមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាពីការឈ្លានពានរបស់សត្រូវសៀម។

    ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានប្រគល់ជូននូវសម្ភារប្រើប្រាស់មួយចំនួនដល់៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម សារុង១ មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ បាយក្តាំង២កញ្ចប់ និងថវិកា៣០ម៉ឹនរៀល ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដើម្បីយកទៅដោះស្រាយជីវភាពបានមួយរយៈផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: