៧ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ឯកឧត្ដម ហួត ហាក់ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានចំនួនប្រមាណ ២,៤ លាននាក់ នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥% ។
ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមយ៉ាងមុតមាំថា តាមនិន្នាការនេះ ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា យោងនិន្នាការនៃស្ថិតិខាងលើ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា៖ «សម្រាប់កម្ពុជា យើងបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា»។
បើតាមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបានអនុវត្តន៍រួមគ្នា ពេញមួយឆ្នាំ២០២៤ កន្លងមក ក្រសួងទេសចរណ៍ បានសហការជាមួយមិត្តចិន បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីដ៏សម្បូរបែប ច្នៃប្រឌិត មានភាពទាក់ទាញ និងរស់រវើក ដែលរួមមាន៖ ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ទេសចរណ៍, ព្រឹត្តិការណ៍ពិព័រណ៌, ព្រមជាមួយការរៀបចំ និងចូលរួមកម្មវិធីមួយចំនួនទៀត ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសចិន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា សម្រាប់ឆ្នាំ២០២៥នេះ យើងក៏នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដូចនេះទៀត ក្នុងរយៈពេលមួយឆ្នាំពេញ គិតចាប់ពីការប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» កាលពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ និងបន្តទៅឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។
ជាមួយគ្នានេះដែរឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំកម្មវិធី ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» រួមចិត្ត រួមដៃ វាសនារួម នាពេលនេះ នឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការបង្ហាញពីសក្តានុពលទេសចរណ៍ សិល្បៈ និងវប្បធម៌ដ៏សម្បូរបែប ការពង្រីកការផ្សព្វផ្សាយពីសក្តានុពលទាំងនេះ ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាទៅកាន់ប្រជាជននៅទូទាំងពិភពលោក។ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្ដីចាត់ទុកប្រធានបទ «ស្លាបនៃសន្តិភាព» នារាត្រីនេះ ក៏បានរម្លឹកអំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ៕


ប្រភព៖ ក្រសួងព័ត៌មាន