ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង បន្តរង់ចាំទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់មកវិញរបស់ពលករខ្មែរ

    BY SOMATEY August 21, 2025
    អភិបាលខេត្តបាត់ដំបង បន្តរង់ចាំទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់មកវិញរបស់ពលករខ្មែរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព ។

    ការថ្លែងជម្រុញនេះខណៈដែលឯកឧត្តមបានចុះជួបសំណេះសំណាលជាមួយមន្រ្តីនិងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២៥។

    ការជម្រុញនេះស្របពេលដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងនៅបន្តខ្ទង់រយនាក់ក្នុងមួយថ្ងៃៗ ដែលមកទល់ពេលនេះមានពលករខ្មែរប្រមាណជាង៨០ម៉ឺននាក់ហើយត្រឡប់មកស្រុកកំណើតវិញតាមច្រកព្រំដែនខេត្តបាត់ដំបង នេះបើតាមមន្រ្តីស្នាក់ការច្រក។

    លោក ខុង យ៉ាត់លួងប្រធានស្នាក់ការច្រកអន្តរជាតិដូងបានឱ្យដឹងថានៅព្រឹកថ្ងៃទី២០ខែសីហានេះមានពលករខ្មែរធ្វើការនៅប្រទេសថៃត្រឡប់មកស្រុកវិញតាមច្រកអន្តរជាតិដូងប្រមាណជាង៣៣០នាក់ ចំនួននេះមន្រ្តីប្រចាំការច្រកទ្វារសម្របសម្រួលឱ្យចូលតែរយៈពេលមិនដល់មួយម៉ោងផងពលករបានចូលអស់ ប៉ុន្តែមាត់ច្រកនៅបន្តបើកចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីបន្តទទួលពលករដែលមកបន្តបន្ទាប់ ។ លោកបន្តថាមន្រ្តីពាក់ព័ន្ធនៅតែបន្តទទួលស្វាគមន៍ និងសម្របសម្រួលពលករបានវិលទៅស្រុកកំណើតវិញតាមរថយន្តដែលផ្តល់ដោយរាជរដ្ឋាភិបាល រាជធានីខេត្ត ដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតដោយមិនអស់ប្រាក់។

    លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍ថាសភាពការណ៍សន្តិសុខនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ ។

    លោកបន្តថានៅថ្ងៃទី១៩ខែសីហា មានពលករខ្មែរត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិដូងចំនួន ៣២០នាក់ ,ស្រី ១៣៨នាក់ រដ្ឋបាលខេត្តបានសហការជាមួយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមបណ្តាក្រុង ស្រុក ខេត្ត និងរាជធានីភ្នំពេញ ដោយប្រើរថយន្តចំនួន ២៦គ្រឿង មានចំនួនមនុស្ស ៣០៩នាក់ ស្រី ១៣២នាក់ ។

    ក្នុងឱកាសចុះជួបសំណេះសំណាលមន្រ្តីជាមួយពាក់ព័ន្ធនៅមាត់ច្រកព្រំដែនខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព។

    ឯកឧត្តម បន្ថែមថា កន្លងមក អាជ្ញាធរ កងកម្លាំង និងក្រុមការងារបានខិតខំធ្វើបានយ៉ាងល្អប្រសើក្នុងការសម្រួលជួយជញ្ជូនអីវ៉ាន់ពលករដាក់រថយន្តដោយរលូន ហើយការទទួលបងប្អូនពលករកន្លងមក គឺមិនមានជាបញ្ហាណាមួយធ្ងន់ធ្ងរឡើយ ដែលនេះគឺជាជោគជ័យមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

    ឯកឧត្តម បានណែនាំអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ខិតខំជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការដាំដុះបង្កបង្កើនផល និងស្វែងរកការងារធ្វើក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ច ប្រទេសជាតិ និងជីវភាពកាន់តែប្រសើរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: