ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាគាំទ្រ ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបង្ហាញឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទឈប់បាញ់

    BY SOMATEY August 25, 2025
    កម្ពុជាគាំទ្រ ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបង្ហាញឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទឈប់បាញ់

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាអ្នកឈរការពារសន្តិភាព និង សមិទ្ធផលទាំងឡាយដែលជាស្នាដៃរបស់សម្តេចតេជោ ហើយបន្តការអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ។ ហេតុនេះហើយរាជរដ្ឋាភិបាលកម្ពុជា ទើបបានគាំទ្រពេញទំហឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ និងបង្ហាញឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទឈប់បាញ់ដែលកំពុងតែអនុវត្តពេលនេះតាមរយៈការអត់ធ្មត់ខ្ពស់បំផុត។

    នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

    ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា គោលជំហរសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល។ ឯកឧត្តមបានលើកឡើងថា៖ «ដូចខ្ញុំធ្លាប់បានបញ្ជាក់ជូនរួចហើយថា សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ។ ហេតុអ្វី? ពីព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងនាំមកនូវការផ្សះផ្សារបង្រួបបង្រួមជាតិដែលមិនធ្លាប់មានពីមុន។ »

    ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា កម្ពុជាក៏គាំទ្រពេញទំហឹង និងជំរុញយ៉ាងខ្លាំងឱ្យមានការចូលរួមយ៉ាងទូលំទូយាយពីអ្នកសង្កេតការណ៍អន្តរជាតិពិសេសអ្នកសង្កេតការណ៍អាស៊ាន (Asean Observers Team) ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

    ឯកឧត្តមបានថ្លែងបន្ថែមថា ក្នុងន័យនេះ សន្តិភាពនៅតែជាអត្តសញ្ញាណរបស់កម្ពុជាជារៀងដរាបទៅមុខទៀតដោយឥតប្រែប្រួល។ ទោះបីជាមជ្ឈដ្ឋានខ្លះបានចោទសំណួរ និងលើកហេតុផលបំភ្លៃមួយចំនួនក្នុងចេតនាមិនល្អធ្វើឱ្យស្រអាប់ដល់ជំហរសន្តិភាពរបស់កម្ពុជាក៏ដោយ ក៏ជំហរសន្តិភាពនេះនៅតែភ្លឺចិញ្ចាចចញ្ចែងក្នុងបេះដូងរបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរជារៀងដរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: