អតីតពលករមកពីប្រទេសថៃ ក្នុងខេត្តបាត់ដំបង បានសម្តែងក្តីរីករាយក្រោយទទួលបានការងារធ្វើ តាមរយៈមន្ទីរការងារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អតីតពលករខ្មែររស់នៅខេត្តបាត់ដំបងដែលទើបបានវិលត្រឡប់មកពីប្រទេសថៃវិញនោះ បានសម្តែងនូវក្តីរីករាយ ក្រោយពេលទទួលបានការងារធ្វើតាមរយៈការជួយស្វែងការងាររបស់មន្ទីរការងារ ទាំងក្នុងខេត្ត ខេត្តបាត់ដំបង និងក្រៅខេត្ត ដើម្បីបានចំណូលចិញ្ចឹមជីវិត។ បើតាមតួលេខពីមន្ទីរការងារមកទល់ពេលនេះមន្ទីរបានសម្របសម្រួលផ្តល់ការងារជូនពលករខ្មែររស់នៅខេត្តបាត់ដំបងបានជិត៤០០០កន្លែងហើយ ខណៈទីផ្សារការងារនៅទូទាំងប្រទេសមានជាង២១ម៉ឺន កន្លែង។

ពលករសំណង់ប្រទេសថៃ លោក រ៉ន រើយ អាយុ៤៦ឆ្នាំ រស់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ បច្ចុប្បន្នកំពុងបំពេញការងាររោងចក្រកាបូប នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថាចាប់តាំងពីផ្ទុះមានជម្លោះតាមព្រំដែនកម្ពុជាថៃមក លោកបានត្រឡប់មកពីប្រទេសថៃវិញរយៈពេលពីរខែកន្លងមកហើយតាមច្រកអន្តរជាតិដូងស្រុកកំរៀង ។ អតីតពលកររូបនេះបានបន្ថែមថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃវិញ លោកបានដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈរដ្ឋបាលឃុំកន្ទឺរ១ដែលអាជ្ញាធរបានផ្សព្វផ្សាយពីឱកាសការងារ ឥឡូវលោកកំពុងធ្វើការនៅរោចក្រកាបូប នៅច្បារមន ខេត្តកំពុងស្ពឺ ដោយទទួលបានប្រាក់ខែគោល២០០ដុល្លារក្នុងមួយខែ បើធ្វើការបន្ថែមម៉ោងទៀត អាចបានជាង២០០ដុល្លារ ក្នុងរយៈពេលកន្លះខែ បើគិតទៅមួយខែៗអាចបានជាង៣០០ដុល្លារ ។ អតីត ពលករសំណង់ស្រុកថៃរូបនេះបានបញ្ជាក់ថា ការធ្វើការក្នុងស្រុកយើងមានសេរីភាពជាងនៅ ស្រុកថៃ ហើយប្រាក់ខែក៏បានប្រហាក់ប្រហែលគ្នា ពុំសូវជាខុសគ្នាប៉ុន្មាននោះទេ ។
មិនខុសគ្នានេះដែរ អ្នកស្រី សៅ ជា រស់នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានប្រាប់ថា ថ្ងៃដែលអ្នកស្រីត្រឡប់មកពីប្រទេសថៃ គឺមានការក្រុមការងាររបស់ក្រសួងការងារ នៅចាំទទួលនិងផ្តល់ព័ត៌មានការងារជូនពលករ នៅច្រកព្រំដែនតែម្តង ហើយអ្នកស្រីសប្បាយចិត្ត ក្រោយពីមានការយកចិត្តទុកដាក់ចំពោះពលករមកពីថៃបែបនេះ ។ អ្នកស្រី បន្តថាបច្ចុប្បន្នកំពុងធ្វើការនៅក្រុងព្រះសីហនុ រោងចក្រសម្លៀកបំពាក់ពេទ្យ ហើយទទួលបានប្រាក់ខែសមរម្យផងដែរ ។ ជុំវិញរឿងនេះដែរ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈខេត្តបាត់ដំបង បានឱ្យដឹងថាពលករខ្មែរធ្វើការនៅប្រទេសថៃសម្រុកត្រឡប់មក ប្រទេសកម្ពុជា វិញមានចំនួនដ៏ច្រើន ក្នុងនោះមន្ទីរការងារ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម បានស្វែងរកនិងផ្តល់ការងារជូនពលករបានមួយចំនួន និងមួយចំនួនទៀតកំពុងបន្តជម្រុញនិងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលបន្ថែមទៀត ក្នុងនោះនៅទូទាំងប្រទេសគឺមានឱកាសការងារជាង២១ម៉ឺនកន្លែង ។
លោកបានបន្តថា យ៉ាងណាក៏ដោយមន្ទីរការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះ ផ្ទាល់តាមភូមិឃុំដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅ កាន់ប្រជាពលរដ្ឋ បន្ថែមទៀត។ លោកបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ ស្វែងរកការងារធ្វើ សូមទូរស័ព្ទទៅកាន់លេខ ១២៩៧ ដែលមានក្រុមការងារក្រសួងការងារ រងចាំទទួលនិង ប្រឹក្សាយោបល់ពីឱកាសការងារជូនបងប្អូន ដោយឥតគិតថ្លៃ ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុង វេទិការការងារថ្មីៗនេះថា បាន ជម្រុញដោយមន្រ្តីក្រសួងការងារ ចុះទៅឱ្យបានញឹកញាប់ ចុះទៅកាន់ បណ្តាខេត្ត គ្មានរោងចក្រឱ្យបានច្រើនដើម្បីផ្សព្វផ្សាយពីឱកាសការងារដល់ពួកគាត់។
យោងតាមមន្ទីរការងារ បច្ចុប្បន្ននេះក្នុងខេត្តបាត់ដំបងកំពុងមានតម្រូវការងារចំនួន ៧៦០កន្លែង ស្មើរនឹង៧៧សហគ្រាស មានវិស័យជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវិស័យផ្សេងៗទៀត ។ ក្រៅពីនោះប្រជាពលករក៏មានឱកាសការងារតាមបណ្តាខេត្តរាជធានី ដដៃទៀតដែលមានការជ្រើសរើសផងដែរ។ ទោះយ៉ាងណាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រុញឲ្យយុវជន ពិសេសប្រជាពលករ ស្វះស្វែងរៀនជំនាញវិជ្ជាជីវៈខ្លីៗ ដើម្បីអាចបង្កើតមុខរបរផ្ទាល់ខ្លួន ជៀសវាងការចំណាកស្រុកផងដែរ ៕



ប្រភព៖ ក្រសួងព័ត៌មាន