រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើឱ្យសហរដ្ឋអាម៉េរិក ផ្ដល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាល សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភា តំណាងរដ្ឋ Texas និងការចូលរួមពី ឯកឧត្តមបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងឯកឧត្តម Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា និងបានជម្រាបជូនស្ថានភាព និងការវិវត្តនៃសង្គម- សេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកលូត លាស់ ក្នុងរយៈកាលជាង៣ទសវត្សរ៍ចុងក្រោយនេះ។ បើទោះបីស្ថិតក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានលើកឡើងពីចំណងមិត្តភាព ការទូតក្នុងរយៈពេល៧៥ឆ្នាំ នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ អំពីសារ:សំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាដៃគូ-ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យរួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។
ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យសហរដ្ឋអាម៉េរិក ផ្ដល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ។
ជាការឆ្លើយតប លោកជំទាវប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់ បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សា សន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះ សម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។
ទន្ទឹមនេះ លោកជំទាវប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថា សហរដ្ឋអាម៉េរិកនិងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, និងការលើកកម្ពស់បរិយាកាស ធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាអន្តោប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពភាពធន់ បរិយាប័ន្ន និងសមធម៌៕




ប្រភព៖ ក្រសួងព័ត៌មាន