តុលាការកំពូលថៃ បង្គាប់ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបង់ប្រាក់ជាង ៥៤០ លានដុល្លារ
- BY
- Pheakdey
- November 18, 2025
ថៃ៖ តុលាការកំពូលថៃបានបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបង់ប្រាក់ចំនួន ១៧,៦ពាន់លានបាត (ជាង ៥៤២ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា។ ប្រាក់ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបង់ខាងលើនេះ គឺប្រាក់បង់ពន្ធទាក់ទងនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់នាពេលកន្លងមក។

បើតាមលោក Suriyan Hongvilai អ្នកនាំពាក្យឱ្យតុលាការថៃបានបញ្ជាក់ថា កាតព្វកិច្ចបង់ពន្ធខាងលើនេះគឺត្រូវបានអនុវត្តចំពោះហ៊ុនទូរគមនាគមន៍ Shin Corp ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលក់កាលពីឆ្នាំ ២០០៦កន្លងទៅ ហើយពេលនោះលោកមិនបានបង់ពន្ធជូនរដ្ឋាភិបាលស្របតាមច្បាប់អាជីវកម្មដែលមាននៅក្នុងប្រទេសថៃនោះទេ។ នៅឆ្នាំដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារ ហើយបន្ទាប់មកលោកបានធ្វើការនិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។ ប្រភពខាងលើបានបន្តថា រហូតមកដល់ឆ្នាំ ២០១៧ ទើបអាជ្ញាធរពន្ធដារថៃបានកំណត់ការពិន័យជាប្រាក់ជាង ៥៤០ លានដុល្លារខាងលើ ហើយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវអនុវត្តកាតព្វកិច្ចនេះជាដាច់ខាត ខណៈក្នុងអំឡុងពេលនេះរូបលោកកំពុងអនុវត្តទោសជាប់ពន្ធនាគារយៈពេល ១ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






