ជប៉ុនព្រមានពលរដ្ឋខ្លួនដែលកំពុងនៅប្រទេសចិនអំពីបញ្ហាសុវត្ថិភាព ខណៈវិបត្តិការទូតរវាងប្រទេសទាំង ២ កាន់តែធ្ងន់ធ្ងរឡើង
- BY
- Pheakdey
- November 18, 2025
ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានប្រជាពលរដ្ឋខ្លួន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចិនឱ្យង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាព និងចៀសវាងទៅកាន់កន្លែងមានមនុស្សច្រើនកុះករ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែរ ទីក្រុងតូក្យូនិងទីក្រុងប៉េកាំងមានជម្លោះការទូតកាន់តែធ្ងន់ធ្ងរឡើងៗជុំវិញបញ្ហាកោះតៃវ៉ាន់។

គួររម្លឹកថា វិបត្តិការទូតរវាងប្រទេសជប៉ុននិងប្រទេសចិនបានផ្តើមកើតមានឡើងក្រោយ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានថ្លែងប្រាប់ទៅកាន់ក្រុមសមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់អាចបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជប៉ុន ហើយក្នុងករណីចាំបាច់ជប៉ុននឹងធ្វើការឆ្លើយតបដោយប្រើកម្លាំងយោធាផងដែរ។ សូមបញ្ជាក់ជូនថា មុនពេលអាជ្ញាធរជប៉ុនចេញសេចក្តីព្រមានខាងលើនេះ ប្រទេសចិនក៏បានប្រកាសផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុនចំនួន ២ផងដែរ ក្រោមហេតុផលជម្លោះការទូតដូចគ្នានេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






