អ៊ុយក្រែនគ្រោងទាមទារសំណង ៤៤ពាន់លានដុល្លារពីរុស្ស៊ី ចំពោះផលប៉ះពាល់នៃការបំភាយឧស្ម័នពុលដែលបង្កឡើងដោយសង្គ្រាម
- BY
- Pheakdey
- November 19, 2025
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនគ្រោងទាមទារប្រាក់សំណងចំនួន ៤៤ពាន់លានដុល្លារពីរុស្ស៊ីចំពោះផលប៉ះពាល់នៃការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា។ អ៊ុយក្រែនបានអះអាងថា ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសគឺបានកើតឡើងដោយសារតែសកម្មភាពធ្វើសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ី ដូចនេះរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់ទាំងអស់។

ប្រភពខាងលើបានបន្តថា ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសនោះបានកើតឡើងពី ឥន្ធនៈហ្វូស៊ីល ស៊ីម៉ង់ត៍ និងដែកថែប ដែលរុស្ស៊ីបានប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាម និងកត្តាមួយចំនួនដូចជា ការឆេះព្រៃ ឬអគ្គិភ័យផ្សេងៗជាដើម។ បើតាមលោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មអ៊ុយក្រែនបានបញ្ជាក់ថា ការបំភាយឧស្ម័នពុលចេញមកពីប្រភពជាច្រើនខាងលើនេះបានធ្វើឱ្យមានការផលប៉ះពាល់ជាច្រើន ដូចជាសុខភាពទូទៅរបស់មនុស្សជាតិ និងធ្វើឱ្យខូចគុណភាពដី ទឹក និងធនធានធម្មជាតិផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






