អន្តរជាតិ

តុលាការវៀតណាម កាត់ទោសអតីតបវរកញ្ញាម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងលក់អាហារសុខភាពក្លែងក្លាយតាមបណ្តាញសង្គម

BY
Pheakdey
November 20, 2025

វៀតណាម៖ ​​​តុលាការវៀតណាមសម្រេចផ្តន្ទាទោសអតីតជ័យលាភីបវរកញ្ញា Miss Grand International ម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញករណីផ្សព្វផ្សាយលក់ផលិតផលក្លែងក្លាយនៅលើបណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ ស្ត្រីរូបនេះមានឈ្មោះថា Nguyen Thuc Thuy Tien ខណៈនៅលើបណ្តាញសង្គមក្នុងប្រទេសវៀតណាមរូបគាត់ត្រូវបានគេហៅថា “Queen Beauty” ឬ រាជនីសម្រស់។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅលើបណ្តាញសង្គម “រាជនីសម្រស់” រូបនេះបានធ្វើការផ្សព្វផ្សាយលក់ស្ករកៅស៊ូម៉ាក Kera Supergreens ដោយបានអះអាងថា ស្ករកៅស៊ូប្រភេទនេះមានផ្ទុកជាតិសរសៃច្រើនណាស់ ពោលគឺជាប្រភេទអាហារដ៏ល្អមួយសម្រាប់សុខភាពអ្នកទទួលទាន។ យ៉ាងណាក្តី តាមការត្រួតពិនិត្យរបស់អាជ្ញាធរជំនាញវៀតណាមបានរកឃើញថា ស្ករកៅស៊ូ Kera Supergreens មានផ្ទុកជាតិសរសៃតិចតួចបំផុត ពោលគឺត្រឹមកម្រិត ០,៩៣៥% តែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងសំណុំរឿងដដែលនេះ អាជ្ញាធរវៀតណាមក៏បានឃាត់ខ្លួន Influencer ចំនួន ២នាក់ផ្សេងទៀតផងដែរ និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារក្នុងរយៈពេល ២ឆ្នាំដូចៗគ្នា ហើយរឹបអូសបានស្ករកៅស៊ូចំនួន ១២៩,០០០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ៦៥០,០០០ដុល្លារ ខណៈមនុស្សទាំង ៣នាក់នេះ បានធ្វើការចែកចាយស្ករកៅស៊ូទៅកាន់អតិថិជនចំនួន ៦៥,០០០រួចហើយ និងបានរកប្រាក់ចំណេញចំនួន ៤៧៣,០០០រួចហើយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

 

Share This Post: