ហ្វីលីពីន ផ្តន្ទាទោសស្ត្រីចិនម្នាក់ជាមេខ្លោងក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត
- BY
- Pheakdey
- November 21, 2025
ហ្វីលីពីន៖ តុលាការហ្វីលីពីនសម្រេចផ្តន្ទាទោសស្ត្រីជនជាតិចិនម្នាក់ដែលជាមេខ្លោងនៅក្នុងសំណុំរឿង ឧក្រិដ្ឋកម្មឆបោកអនឡាញ និងសកម្មភាពជួញដូរមនុស្សឱ្យជាប់ពន្ធនាគារអស់មួយជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ ស្រ្តីចិនរូបនេះមានឈ្មោះថា Alice Guo អាយុ ៣៥ឆ្នាំ ធ្លាប់ជា Influencer ដ៏មានសក្តានុពលម្នាក់នៅលើបណ្តាញសង្គម ហើយរូបគាត់ក៏បានក្លែងបន្លំឯកសារដើម្បីទទួលបានសញ្ជាតិហ្វីលីពីនផងដែរ។

ដោយសារតែភាពល្បីល្បាញ ស្រ្តីរូបនេះបានជាប់ឆ្នោតធ្វើជាមេឃុំ Bamban ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នៅក្នុងអំឡុងពេលមានតួនាទីជាមេឃុំនោះហើយ ដែលលោកស្រី Alice Guo និងជនបរទេសជាច្រើននាក់ផ្សេងទៀត បានរួមដៃគ្នាបើកបនល្បែងឆបោកអនឡាញ និងធ្វើសកម្មភាពជួញដូរមនុស្ស ដោយមានទាំងសកម្មភាពឃុំឃាំងមនុស្ស និងធ្វើទារុណកម្មបង្ខំឱ្យធ្វើការងារខុសច្បាប់ផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ក្នុងពេលចុះបង្រ្កាបទីតាំងបនល្បែងឆបោកអនឡាញ និងបំបែកសំបុកបង្ខាំងមនុស្សខាងលើនេះ ក្រុមប៉ូលិសបានជួយសង្គ្រោះមនុស្សជាង ៧០០ នាក់ ចម្រុះជាតិសាសន៍ ដូចជា ចិន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌូណេស៊ី និងរវ៉ាន់ដា ដែលបានរងនូវការឃុំឃាំងនិងបង្ខំឱ្យធ្វើការងារខុសច្បាប់ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រី Alice Guo។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយការចុះបង្ក្រាបពីសំណាក់អាជ្ញាធរហ្វីលីពីន លោកស្រី Alice Guo បានរត់គេចខ្លួនទៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបន្ទាប់មកទើបអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជូនរូបគាត់មកប្រទេសហ្វីលីពីនវិញកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខណៈការសម្រេចផ្តន្ទាទោសរូបគាត់ទើបត្រូវបានតុលាការហ្វីលីពីនធ្វើឡើងកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






